រដ្ឋបាលខេត្តកំពង់ធំ ជួបពិភ្សាជាមួយក្រុមការងារ GIZ ស្តីពីការគាំទ្រ គំនិតផ្តួចផ្តើម សម្បទានដីសង្គមកិច្ច ផ្តល់ជូនប្រជាពលរដ្ឋឃុំពាមបាង និងឃុំផាត់សណ្តាយ

230

ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត ពិភាក្សាជាមួយក្រុមការងារ GIZ ដឹកនាំដោយលោក Gunter Wessel តំណាងស្ថានទូត អាឡឺម៉ង់ ដើម្បីពិក្សាការងារអំពីការត្រៀមរៀបចំសម្បទានដីសង្គមកិច្ច សម្រាប់ប្រជាពលរដ្ឋដែលរស់នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ឯកឧត្តម ប្រាក់ សារ៉ាត់ មានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋដែលនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រជាពលរដ្ឋទំាងនោះពឹងផ្អែកទៅលើការប្រកបមុខរបរនេសាទ ដើម្បីចិញ្ចឹមគ្រួសារ ។

កន្លងមកឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានចុះទៅធ្វើវេទិកាសាធារណៈនៅតំបន់ទំាងពីរនោះ ដោយប្រជាពលរដ្ឋបានលើកយកបញ្ហារបស់ពួកគេ ក្នុងការប្រកបមុខរបរបច្ចុប្បន្នបានជួបនូវផលលំបាកមួយចំនួនដូចជា ការនេសាទត្រីពីមួយឆ្នាំ ទៅមួយឆ្នាំ ទិន្នផលត្រីមានការថយចុះ ការប្រើប្រាស់ឧបករណ៍នេសាទមួយចំនួនត្រូវច្បាប់ហាមឃាត់ កូនៗរបស់ពួកគាត់ពិបាកក្នុងការសិក្សារៀនសូត្រ និងបញ្ហាជាច្រើនទៀត ដូច្នេះហើយ ទើបឯកឧត្តម អភិបាលខេត្ត មានគំនិតផ្តួចផ្តើម បានលើកក្នុងវេទិកាសាធារណៈដោយលើកឡើងថា ប្រសិនបើអាជ្ញាធរខេត្ត រកដីសម្បទានសង្គមកិច្ចជូនបងប្អូន ដើម្បីបានទៅរស់នៅលើដីគោគ ដោយមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា ដីឡូសម្រាប់ធ្វើកសិកម្ម ដីលំនៅដ្ឋាន ដោយសាងសង់ សាលារៀន មណ្ឌលសុខភាព អណ្តូងទឹកស្អាត អគ្គីសនី ផ្លូវថ្នល់ និងនៅជិតទីប្រជុំជនទៀតផង ហើយប្រជាពលរដ្ឋមានការអបអរសាទរ និងគាំទ្រ ចំពោះការលើកឡើងរបស់ឯកឧត្តម អភិបាលខេត្ត ។

ដូច្នេះក្នុងនាមរដ្ឋបាលខេត្ត នឹងខិតខំធ្វើការងារនេះទំាងអស់គ្នាដោយឆន្ទៈ ដើម្បីស្វែងរកដំណោះស្រាយ រកដីសម្បទានសង្គមកិច្ចជូនបងប្អូនប្រជាពលរដ្ឋទំាងនេះ ដើម្បីឲ្យពួកគាត់បានមករស់នៅលើដីសម្បទានសង្គមកិច្ចនេះ ផ្លាស់ប្តូរមុខរបរពីនេសាទ មកធ្វើការបង្ករបង្កើនផលស្រែចំការ ជាពិសេស គឺយើងអាចកាត់បន្ថយនូវបទល្មើសខុសច្បាប់នៅតំបន់ទន្លេសាបផងដែរ ។

ក្រោយពីពិភាក្សាការងារចប់ ក្រុមការងារថ្នាក់ខេត្ត និងក្រុមការងារ GIZ បានបន្តដំណើរចុះមើលទីតំាងដីផ្ទាល់ ដែលមានទំហំប្រមាណជាង ២០០ហិចតា នៅជាប់និងក្រុមហ៊ុនកៅស៊ូវៀតណាម (C.R.C.K 2) នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ៕