រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងពិធីសិតដាវដែកកំពង់ស្វាយនៅវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំ ក្រុងស្ទឹងសែន

99

រដ្ឋបាលខេត្តកំពង់ធំ: ឯកឧត្តម សុខ លូ ភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំ​បុណ្យផ្កាប្រាក់មហាសាមគ្គី នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី ២៨-២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីប្រមូលបច្ច័យយកទៅកសាង រូបសំណាកដាវដែកកំពង់ស្វាយ អមដោយសួនច្បារ នៅចំណុចផ្លូវបំបែកផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៦២ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ មានរយៈពេល ពីរថ្ងៃ នៅថ្ងៃទី២៨-២៩ ខែធ្នូ ក្នុងនោះក៏មានការកាន់រោងទិសតាមក្រុងស្រុកនីមួយៗ ហើយនៅពេល រាត្រីមានការសម្ដែង នូវសិល្បៈ និងល្ខោនបាសាក់ មួយយប់ទល់ភ្លឺ​ជូនបងប្អូនទស្សនាយ៉ាងសប្បាយរីករាយ។

លើសពីនេះ នៅក្នុងខេត្តកំពង់ធំ យើងមានរូបសំណាកបី ដែលបានកំពុងសាងសង់ ដោយបង្ហាញ​គ្រប់ទម្រង់ដើមទាំងអស់គឺ លោកឧកញ៉ាតេជោក្រហម ក មានកាន់ដាវដាក់ក្នុងស្រោម បង្ហាញជាកេតនភណ្ឌរបស់គាត់ និងស្រុកសន្តិភាពពេញលេញ និងបង្ហាញពីអត្ថន័យ ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែកេរ្តិ៍ពីឪពុក ស្រោមកេរ្តិ៍ពីម្ដាយ ដាវដែកកំពង់ស្វាយ កំចាយអស់មារសត្រូវ ។ រីឯរូបសំណាកអាចារ្យលាក់ កាន់ដាវដែលដកចេញពីស្រោមពាក់កណ្តាល នេះបង្ហាញពីភាពអង់អាចក្លាហានរបស់មេទ័ពកាលសម័យនោះ។

សូមបញ្ជាក់ផងដែរថា ការសាងសង់ដាវដែកកំពង់ស្វាយមានប្រវែង ៦.៤ ម៉ែត្រ ទទឹងដាវ ០,៤៥ ម៉ែត្រ កំរាស់ខ្នងគល់ដាវ ០,៧០ ម៉ែត្រ ផ្នែកគល់ដាវ០,៣០ ម៉ែត្រ ផ្នែកចុងដាវ ០,២០ ម៉ែត្រ ផ្នែកមុខដាវ០,១០ ម៉ែត្រ ។