រដ្ឋបាលខេត្តកំពង់ធំ បើកសិក្ខាសាលា ស្តីពី វិធីសាស្ត្រក្នុងការចងក្រងប្រវត្តិសាស្ត្ររាជធានីខេត្ត

146

នា​ព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាល​ខេត្តកំពង់ធំ រៀបចំ​បើក​សិក្ខាសាលា ស្តីពី «វិធីសាស្ត្រ​ចងក្រង​ប្រវត្តិសាស្ត្រ​រាជធានី​ខេត្ត» ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ស៊ន សំណាង ទីប្រឹក្សា​រាជរដ្ឋាភិបាល និង ឯកឧត្តម ហួន វ៉ាន់​និត អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្ត ដោយមាន​ការចូលរួម​ពីសំណាក់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ព្រមទាំង មន្ត្រីរាជការ​សាលា​ខេត្តកំពង់ធំ។

ស្ថិត​ក្នុងឱកាស​ដ៏​មាន​សារៈសំខាន់​នេះ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ស៊ន សំណាង ទីប្រឹក្សា​រាជរដ្ឋាភិបាល បានធ្វើ​បទឧទ្ទេសនាម លើ​ប្រវត្តិ​គ្រប់គ្រង​រដ្ឋបាល​ដែនដីខ្មែរ ចាប់ពី​សម័យ​អា​នា​និគម​ន៍​បារាំង រហូតដល់​ខ្មែរ​ទទួលបាន​ឯករាជ្យ​ពី​បារាំង ក្នុងនោះ​ក៏បាន​និយាយ​អំពី​ប្រវត្តិ​គ្រប់គ្រង​របស់​ខេត្តកំពង់ធំ​យើង​ដែរ រួមមាន​ខេត្ត​កំពង់ស្វាយ ខេត្ត​បារាយណ៍ ខេត្ត​សន្ទុក ខេត្ត​ជីក្រែង ខេត្ត​ស្ទោង ដែល​សម័យ​នោះ​ផ្ទៃដី​ខេត្ត ស្មើ​រ​ស្រុក ហើយ​មាន​ចៅហ្វាយស្រុក​ខេត្ត​នីមួយៗស្ថិតក្រោម​រេ​ស៊ី​ដង់​ខេត្ត​របស់​បារាំង។

ក្នុងឱកាស​នេះដែរ ឯកឧត្តម​បណ្ឌិត​សា​ភា​ចារ្យ បាន​ថ្លែងថា «យើង​ចាប់ផ្តើម​មានគំនិត​ចងក្រង​ប្រវត្តិសាស្ត្រ​ឡើងវិញ​នេះ​ដោយសារ​យើង​សោកស្តាយ​ប្រវត្តិសាស្ត្រ​យើង​ដែល​ខំ​ចងក្រង​ទុក ដូច្នេះ​យើង​ក៏​រៀបចំ​កម្រោង​ចងក្រង​នេះ​ស្នើ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី​ដើម្បី​ធ្វើការ​ចងក្រង។ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ​មិន​ត្រឹមតែ​សម្តេច​មិន​បដិសេធ​ទេ ថែ​ទាំង​គាំទ្រ​ថែមទៀត ដូចនេះ​យើង​សប្បាយរីករាយ​នឹង​ធ្វើការងារ​នេះ​ណាស់» គួរបញ្ជាក់​ផង​ដែ​រថា ក្រុមការងារ​ដែល​រៀបចំ​ចងក្រង​នេះ​រួមមាន​ក្រុមការងារ​របស់​ឯកឧត្តម​ផ្ទាល់ ក្រុម​ប​ណ្ណា​សារ​ដ្ឋាន​ជាតិ និង​ជំនាញការ​បារាំង​ផងដែរ។ ការរៀបចំ​ចងក្រង​ប្រវត្តិសាស្ត្រ​នេះ យើង​បាន​យក​គំ​រូពី​ប្រទេស​បារាំង​ចាប់តាំងពី​ឆ្នាំ១៩០៣ ដែលមាន​រដ្ឋបាលខេត្ត​អ្នកសរសេរ ហើយ​បា​រាំងជា​អ្នកត្រួតពិនិត្យ ប៉ុន្តែ​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ ជា​ប្រ​ទេ​សមាន​អធិបតេយ្យភាព ដូចនេះ​ការ​ចងក្រង​ប្រវត្តិសាស្ត្រ ត្រូវមាន​ការសហការ​រវាង ក្រុមការងារ​ចងក្រង​ប្រវត្តិសាស្ត្រ ជាមួយនឹង​រាជធានី​ខេត្ត​ទាំងអស់​ដើម្បី​រៀបចំ​ចងក្រង​ប្រវត្តិសាស្ត្រ។ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ បាន​បន្ថែម​ទៀតផង​ដែ​រថា «ដើម្បី​ឲ្យ​គម្រោង​នេះ​បាន​ជោគជ័យ ជំ​ហ៊ាន​ដំបូង​ត្រូវ​បណ្តុះបណ្តាល មន្ត្រីរាជការ ឬនិសិ្សត ដែលមាន​ឯកទេស​ប្រវត្តិវិទ្យា ដោយ​ផ្តល់​អាហារូបករណ៍​ថ្នាក់ បណ្ឌិត និង​អនុបណ្ឌិត ក្រោម​គម្រោង​បណ្តុះបណ្តាល​ប្រ​លឹង​ជាតិ ដល់​ថ្នាក់​រាជធានី​ខេត្ត»

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ធំ ដែលយកចិត្តទុកដាក់លើការងារចងក្រងប្រវត្តិសាស្ត្រ និងផ្តល់កិច្ចសហការយ៉ាងរលូន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថានឹងទទួលលទ្ធផលល្អប្រសើរក្នុងការចងក្រងប្រវត្តិសាស្ត្រក្នុងខេត្តកំពង់ធំ។