រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំឆ្លុះបញ្ចំាង ស្តីពីលទ្ធផលនៃការធ្វើទស្សនៈកិច្ច​សិក្សាស្វែងយល់ អំពីដំណើការអនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

165

កិច្ចប្រជុំឆ្លុះបញ្ចំាង ស្តីពីលទ្ធផលនៃការធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ អំពីដំណើការអនុវត្តការងារ គណនេយ្យភាពសង្គមរបស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (I-SAF PSC) ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋបាលរដ្ឋបាលខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានអ្នកចូលរួមពី សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ខេត្ត អភិបាលរងខេត្ត ប្រតិភូអមដំណើរ និងអភិបាលក្រុង ស្រុកផងដែរ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះវត្តមាន របស់គណៈប្រតិភូ នៃគណៈកម្មាធិការ អនុវត្តន៍ផែនការយុទ្ធសាស្ត្រ គណនេយ្យភាពសង្គម របស់ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចំាងលទ្ធផល នៃការធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ អំពីដំណើការអនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានរាយការណ៍ដល់ក្រុមការងារ អំពីលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រ គណនេយ្យភាពសង្គម ដែលបានអនុវត្តន៍គម្រោងក្នុងខេត្តកំពង់ធំ លើស្រុកចំនួន ៦ស្រុក ក្នុងចំណោមស្រុកទំាង៨ រួមមាន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកបារាយណ៍ និងស្រុកសណ្តាន់ ទៅលើឃុំចំនួន ៦៨ឃុំ មណ្ឌលសុខភាព ចំនួន ៤៤មណ្ឌល និងសាលាបឋមសិក្សា ចំនួន ៤៦។ ម្យ៉ាងវិញទៀត តាមការសង្កេតរបស់រដ្ឋបាលខេត្ត ឃើញថា ការផ្តល់សេវាធារណៈនៅតាមរដ្ឋបាលក្រុងស្រុក មានភាពល្អប្រសើរជាងមុន។

ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍតាមលទ្ធិបែបប្រជាធិបតេយ្យ របស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មានប្រាំបីចំណុច៖ ១). ភាពជាតំណាងសាធារណៈ ២). ស្វ័យភាពរបស់មូលដ្ឋាន ៣). ការពិគ្រោះយោបល់ក្នុងការចូលរួម ៤). ការឆ្លើយតបក្នុងគណនេយ្យភាព ៥). ការលើកកម្ពស់គុណភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៦). ការលើកស្ទួយសមធម៌ ៧). តម្លាភាព និងសុចរិតភាព និង ៨). វិធានការប្រឆំាងអំពើពុករលួយ និងការរំលោភអំណាច។

លក្ខណៈទំាងអស់នេះ បានឆ្លុះបញ្ចាំងតាមរយៈការទទួលបាន និងផ្តល់ព័ត៌មានពីប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់លើបញ្ហា និងការអភិវឌ្ឍ ភូមិ-ឃុំរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សា ចរចារ ធ្វើឲ្យមានភាពប្រសើរឡើង។ ឯកឧត្តមបន្ថែមទៀតថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាធារណៈជូនអ្នកប្រើប្រាស់ ឲ្យមានភាពប្រសើរឡើង លើសពីនេះទៅទៀត អាចកាត់បន្ថយនូវអំពើពុករលួយ តាមរយៈការបិទនូវតារាងតម្លៃសេវាផ្សេងៗជាដើម។

ឯកឧត្តម ងី ច័ន្រ្ទផល បានផ្តាំផ្ញើរអង្កការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សូមបង្កើនកិច្ចសហការណ៍នេះ បន្តទៀត ទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។