រដ្ឋបាលខេត្តកំពង់ធំ រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាកម្ពុជា

23

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ឯកឧត្តម សុខ លូ អានលិខិតថ្វាយព្រះពរ និងសូមព្រះបរមរាជានុញ្ញាត ទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ភាពសុខក្សេមក្សាន្ត សម្បូររុងរឿង ដល់ប្រជានុរាស្ត្ររស់នៅប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀតព្រះអង្គ តែងតែបានយាងចុះសាកសួរសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គ តាមបណ្តាខេត្ត ពិសេសខេត្តកំពង់ធំ ដើម្បីទ្រង់យល់ពីស្ថានភាព ជីវភាព សុខមាលភាពរបស់បងប្អូន ដោយទ្រង់បានយកព្រះទ័យទុកដាក់ បំផុតចំពោះ វិស័យមនុស្សធម៌ ជួយដល់ប្រជារាស្ត្រទីទ័លក្រ ជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ ដែលបណ្តាលមកពី គ្រោះធម្មជាតិ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព តរៀងទៅ៕