រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីបួងសួង សុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍អបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

144

ប្រាសាទសំបូរព្រៃគុក គឺជាប្រាសាទបុរាណចំណាស់មួយ ក្នុងចំណោមប្រាសាទដ៏ទៃទៀតក្នុងប្រទេសកម្ពុជា ក្នុងនោះ ប្រាសាទនេះ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ (Kraków ប្រទេសប៉ូឡូញ ហើយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោកទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨)។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍អបអរសាទរខួប ១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងប្រារព្ធធ្វើនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក នៃបរិវេណប្រាសាទយាយព័ន្ធ ស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ពិធីនេះត្រូវបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសានា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពីធីប្រគុំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់ខ្មែរក្នុងបុព្វហេតុ បួងសួងសុំសេចក្ដីសុខ សម្រាប់ព្រឹត្តិការណ៍ទាំងមូល ជាពិសេសបូជាស្ដេចក្រុងពាលី ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៩ព្រឹក ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមវត្តអារាម នឹងធ្វើពិធីទូងស្គរជ័យយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរខួប ១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។