រដ្ឋបាលសាលាខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ

515

នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម ហូវ លេនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ក្នុងក្រសួងមហាផ្ទៃ ស្តីពីការចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តកំពង់ធំ ។

ឯកឧត្តម ហូវ លេនីន មានប្រសាសន៍លើកឡើងថា ក្រោយពីបានចុះធ្វើសវនកម្មនៅរដ្ឋបាលខេត្តកំពង់ធំរួចមក គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃបានរកឃើញថា នៅរដ្ឋបាលខេត្តកំពង់ធំ មានមន្ត្រីសកម្មរហូតដល់ ៩០% ដែលជាចំនួនមួយគួរឲ្យកត់សម្គាល់ ទន្ទឹមនឹងនោះ ការអនុវត្តថវិកា របស់រដ្ឋបាលខេត្តកំពង់ធំ គឺបានអនុវត្តទៅតាមច្បាប់ហិរញ្ញវត្ ថុដើមឆ្នាំរបស់ក្រសួងមហាផ្ទៃបានល្អ ប៉ុន្តែក្នុងនោះក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលក្រុមសវនកម្ម បានរកឃើញនូវភាពមិនប្រក្រតីមួយចំនួន ដើម្បីឲ្យរដ្ឋបាលខេត្តធ្វើការកែលម្អ នៅចំណុចខ្វះខាតនេះទំាងអស់នេះឡើងវិញ ។
ក្នុងប្រជុំនោះដែរ លោក ម៉ាក់ ប៊ុនហុង បានថ្លែងអំណរគុណដល់សវនកម្មផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ ដែលបានរកឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីរដ្ឋបាលខេត្តកំពង់ធំ នេះគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការកែលម្អនៅចំណុចខ្វះខាតនេះ ហើយរដ្ឋបាលខេត្តនឹងអនុវត្ត ទៅតាមអនុសាសន៍របស់សវនកម្ម ហើយសម្រាប់ឆ្នាំក្រោយនឹងលែងមានបញ្ហានេះកើតឡើងបន្តទៀត ។

ទន្ទឹមនោះដែរ រដ្ឋបាលខេត្ត នឹងខិតខំជម្រុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរាជការ នៅថ្នាក់ខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់ ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសបើកវគ្គបណ្តុះបណ្តាល ឲ្យចំទៅតាមជំនាញដែលជាតម្រូវការចំាបាច់ ដូចជា ជំនាញព័ត៌មានវិទ្យា ហិរញ្ញវត្ថុ និងកិច្ចលទ្ធកម្មសាធារណៈជាដើម ដោយសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង ។

លោកនាយករដ្ឋបាលបន្ថែមទៀតថា ចំពោះមន្ត្រីរាជការសម្រាប់រដ្ឋបាលខេត្តកំពង់ធំ មានការពង្រឹងវិន័យ ប្រសិទ្ធភាពនៃការប្រើប្រាស់មន្ត្រីរាជការគឺសមស្របតាមទំហំការងារ និងមានប្រព័ន្ធលើកទឹកចិត្តមន្ត្រីសកម្ម ដោយអនុលោមទៅតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានពាក់ព័ន្ធ ៕