រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលដំណើរការឃ្លាំងស្តុក និងឡសម្ងួតស្រូវរបស់ក្រុមហ៊ុន Amru Rice បានចំណាយថវិកាអស់ប្រមាណជាង ៩លានដុល្លារសហរដ្ឋអាមេរិក នៅស្រុកប្រាសាទបល្ល័ង្គ

136

តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានចុះត្រួតពិនិត្យមើលដំណើរការឃ្លាំងស្តុក និងឡសម្ងួតស្រូវរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) ដែលមានហេដ្ឋារចនាសម្ព័ន្ធបំពាក់ដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយតាមស្តង់ដារនៃខ្សែចង្វាក់ផលិតកម្មស្រូវមុនធ្វើការលក់ចេញទាំងនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

នាឱកាសនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ល្អប្រសើរដែលក្រុមហ៊ុនសម្រេចបាន ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា សមិទ្ធិផលទាំងអស់នេះលេចចេញដោយសារតែការធ្វើកំណែទម្រង់ដ៏សមស្របនៃវិស័យកសិកម្ម ស្របជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវបំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស ការធ្វើទំនើបកម្មកសិកម្ម និងការប្រែក្លាយប្រជាកសិករទៅជា កសិ-ពាណិជ្ជករ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

ជាមួយគ្នានោះដែរឯកឧត្តម វេង សាខុន បានធ្វើការណែនាំដល់ក្រុមហ៊ុន ក៏ដូចជាវិស័យឯកជនដទៃទៀតក្នុងការសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដើម្បីធានាដល់ការផលិតពូជស្រូវសុទ្ធ ដែលមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារពិភពលោក។ ជម្រុញឲ្យក្រុមហ៊ុនពង្រីកការសហការជាមួយប្រជាកសិករ តាមរយៈយន្តការអនុវត្ដផលិតកម្មកសិកម្មតាមកិច្ចសន្យាឲ្យកាន់តែទូលំទូលាយ ដោយជួយគាំទ្រដល់ប្រជាកសិករ ដូចជាការផ្តល់ពូជសុទ្ធ ការគាំទ្រលើផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើប ជាពិសេសការប្រើប្រាស់គ្រឿងយន្តកសិកម្ម ដើម្បីពន្លឿនផលិតកម្មស្រូវ និងលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់។

យោងតាមការរាយការណ៍របស់ក្រុមហ៊ុន Amru Rice បានឲ្យដឹងថា ក្រុមហ៊ុន បានប្រមូលស្តុកស្រូវដែលផ្គត់ផ្គង់ដោយសហគមន៍ តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ហើយក៏ជាកន្លែងចុងក្រោយនៃខ្សែសង្វាក់ផលិតកម្មស្រូវមុនធ្វើការលក់ចេញទាំងនៅក្នុង និងក្រៅប្រទេស។ អ្វីដែលគួរជាទីមោទនៈនោះគឺ បច្ចុប្បន្នទូទាំងប្រទេស ក្រុមហ៊ុនបានអនុវត្តផលិតកម្មកសិកម្មដំណាំស្រូវជាមួយ ៤៧សហគមន៍ ក្នុងខេត្តគោលដៅចំនួន ៧ ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ហើយបានបង្កើនការងារជូនប្រជាពលរដ្ឋសរុប ៦,២៤២គ្រួសារ លើផ្ទៃដីសរុប ១៨,៨៩១ហិកតា ដើម្បីផលិតស្រូវប្រមាណជា ៥២,៤៧៦តោនសម្រាប់កែច្នៃ និងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងនាំចេញ។

ទន្ទឹមហ្នឹងនេះ ហេដ្ឋារចនាសម្ព័ន្ធ ដូចជាឃ្លាំងស្តុកស្រូវ ដែលបានសាងសង់អស់ជាង ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងមានលទ្ធភាពស្តុកទុកស្រូវបានជាង ៦ម៉ឺនតោនក្នុង ១រដូវកាល។ ដោយឡែក ចំពោះឡសម្ងួតវិញ គឺអាចសម្ងួតបានជាង ១ ៦០០តោនក្នុង ១ថ្ងៃ។ សរុបពីការវិនិយោគគឺក្រុមហ៊ុនបានចំណាយថវិកាអស់ប្រមាណជា ៩លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះក៏មានការចូលរួមផ្តល់កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលផងដែរ៕