រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ជំរុញរដ្ឋបាលខេត្តកំពង់ធំ ប្រជាពលរដ្ឋ ផ្នែកឯកជន រៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុងឲ្យស័ក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក

249

រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ មន្ត្រីរាជការក្នុងខេត្ត និងសិស្សានុសិស្សជាច្រើននាក់ នៅសាលាខេត្តកំពង់ធំ បានជំរុញណែនាំដល់រដ្ឋបាលខេត្តកំពង់ធំ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្នែកឯកជន ប្រជាពលរដ្ឋ ត្រូវរៀបចំអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីឲ្យស័ក្តិសមជាទឹកដីបេតិកភណ្ឌពិភពលោក និងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាគោលដៅទេសចរណ៍នានាក្នុងខេត្តកំពង់ធំ ពិសេសតំបន់ប្រាសាទសំបូរព្រៃគុក ។

លោករដ្ឋមន្ត្រីបានណែនាំថា រដ្ឋបាលខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំរៀបចំទីក្រុង ទីប្រជុំជនក្នុងខេត្តឲ្យមានអនាម័យ សណ្ដាប់ធ្នាប់ល្អ ពិសេសត្រូវគិតគូរជាចម្បងដល់បញ្ហាអនាម័យ ការប្រមូលសំរាម ការគ្រប់គ្រងកាកសំណល់រឹង ទីក្រុងត្រូវមានធុងដាក់សំរាម រថយន្តដឹកសំរាមឲ្យបានគ្រប់គ្រាន់ ត្រូវមានមធ្យោបាយសម្ភារៈ សម្អាតទីក្រុងឲ្យបានគ្រប់គ្រាន់ និងត្រូវបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ។ ព្រមជាមួយនោះ ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ទាំងផ្នែកស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន ។ល។ ត្រូវសិក្សាក្នុងការរៀបចំអនាម័យសណ្ដាប់ធ្នាប់នៅតាមមាត់ស្ទឹងឲ្យបានល្អ ដើម្បីបម្រើឲ្យការសម្រាក និងលំហែកាយរបស់ភ្ញៀវទេសចរ ត្រូវខិតខំពង្រឹងសកម្មភាពមណ្ឌលព័ត៌មានទេសចរណ៍  និងផ្នែកសន្តិសុខឲ្យបានល្អប្រសើរផងដែរ ក្រសួងទេចរណ៍ នឹងបញ្ជូនមន្រ្តីមកជួយធ្វើការបណ្ដុះបណ្ដាល ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច តាមសំណូមពររបស់រដ្ឋបាលខេត្ត ។

ទន្ទឹមនឹងនោះដែរ ក៏ត្រូវគិតគូរដល់ផ្នែកសេវាកម្មសុខាភិបាលឲ្យបានល្អផងដែរ ។ គ្រប់គ្នាៗត្រូវខិតខំផ្ដល់បដិសណ្ឋារកិច្ចប្រកបដោយភាពស្មោះត្រង់ និងញញឹមរួសរាយរាក់ទាក់ចំពោះភ្ញៀវ ។ មន្ទីរទេសចរណ៍ខេត្តកំពង់ធំ ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ និងផ្នែកឯកជនរៀបចំកញ្ចប់ទស្សនកិច្ចនៅក្នុងខេត្តឲ្យបានល្អ ពិសេសគឺការតភ្ជាប់ពីតំបន់ទេសចរណ៍បេតិកភណ្ឌ ទៅកាន់តំបន់អេកូទេសចរណ៍ ទេសចរណ៍ជនបទ និងកសិទេសចរណ៍ ដែលបច្ចុប្បន្នកំពុងមានការរីកលូតលាស់នៅក្នុងខេត្ត ។ លោករដ្ឋមន្រ្តីបន្តទៀតថា យោងតាមកំណើនភ្ញៀវទេសចរនៅថ្ងៃខាងមុខ រដ្ឋបាលខេត្តគួរសហការជាមួយស្ថាប័នជំនាញ ដើម្បីរៀបចំផែនការមេអភិវឌ្ឍខេត្ត ពិសេសផែនការគ្រប់គ្រងដីធ្លីឲ្យបានរួសរាន់ ពីព្រោះខាងមុខនេះអាចនឹងមានគម្រោងវិនិយោគជាច្រើនផងដែរ ។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្ដរជាតិជាង ៥លាននាក់ កើនឡើង ៥ភាគរយ និងទេសចរក្នុងស្រុកជាង ១០លាននាក់ កើនឡើង ១០ភាគរយ ដោយនាំមកនូវចំណូលប្រមាណ ៣,៤០០លានដុល្លារ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ។ ក្នុងរយៈពេល៥ខែ​ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលទេសចរអន្តរជាតិចំនួនជិត ២.៣លាននាក់ កើនឡើង ១២.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦ ។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ដោយនាំមកនូវចំណូលជាតិប្រមាណ ៥,០០០លានដុល្លារអាមេរិក ហើយបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន នៅទូទាំងខេត្តទើបមានសណ្ឋាគារចំនួន៨ ស្មើនឹង៣២០បន្ទប់ ផ្ទះសំណាក់ចំនួន ៤៦ ស្មើនឹង៦៥៩បន្ទប់ ផ្ទះស្នាក់ (Home stay) ចំនួន២ ស្មើនឹង២៣ផ្ទះស្នាក់ ។ ក្រៅពីតំបន់ទេសចរណ៍វប្បធម៌ ខេត្តកំពង់ធំក៏មានតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ រស្មីភូមិពីរគិរីបឹងក្រញ៉ាក ស្ថិតនៅស្រុកសណ្ដាន់ ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីតំបន់ប្រាសាទសំបូរព្រៃគុកប៉ុណ្ណោះ ដែលអាចភ្ជាប់ពីតំបន់ប្រាសាទសំបូរព្រៃគុកទៅ ។

លោកប្រធានមន្ទីរបានបន្តថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧ ខេត្តកំពង់ធំទទួលបានទេសចរជាតិ និងអន្តរជាតិចំនួន ១២ម៉ឺននាក់ ហើយក្នុងថ្ងៃសង្ក្រាន្តសំបូរព្រៃគុក រយៈពេល៣ថ្ងៃ មានទេសចរមកទស្សនា ២០ម៉ឺននាក់បន្ថែមទៀត ។ ដោយឡែក ចាប់តាំងពីក្រោយពេលដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ភ្ញៀវទេសចរជាតិ អន្តរជាតិ មានការកើនឡើងជារៀងរាល់ថ្ងៃ ៕