រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាកិត្តិយសចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្យរិយយសការងារ និងប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ចំនួន ៣៧៧នាក់ នៅខេត្តកំពង់ធំ

432

នៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាកិត្តិយសចូលរួម ក្នុងពិធីបំពាក់គ្រឿងឥស្យរិយយសការងារ និងប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ចំនួន ៣៧៧នាក់ ស្រី ១២៩នាក់ ដោយមានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ ព្រមទំាងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ជាច្រើននាក់ នៅសាលាគរុកោសល្យ និងវិក្រឹត្យការហ៊ុនសែនខេត្តកំពង់ធំ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានក្រើនរំលឹកដល់មន្រ្តី ក្នុងក្របខ័ណ្ឌក្រសួងអប់រំទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលជាមាតា បិតាទី២ ត្រូវធ្វើជាគម្រូល្អដល់សិស្ស និងខិតខំបង្រៀនតាមកម្មវិធីសិក្សា របស់ក្រសួងឲ្យបានល្អប្រសើរ ជាពិសេសត្រូវព្យាយាមបង្កើននូវគុណភាពអប់រំ តាមរយៈការអប់រំបណ្តុះស្មារតីដល់សិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជា ប្រកបដោយគុណភាព សមត្ថភាព ដែលអាចទទួលយកបាន។ ឯកឧត្តមបន្ថែមទៀតថា ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានបង្កើតនូវប្រាក់បំណាច់មុខងារដាច់ដោយឡែក របស់ក្រសួងអប់រំ ពីមន្រ្តីរាជកាក្រសួងដ៏ទៃ ដែលប្រាក់បៀវត្តន៍មានការកើនឡើងពី៤០ ម៉ឺនរៀលនៅឆ្នាំ២០១៣ ដល់ ១លាន ១សែនរៀល នៅខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ការតំឡើងយ៉ាងដូច្នេះ គឺដើម្បីលើកស្ទួយនូវកម្រឹតជីវភាពគ្រូបង្រៀន ក្នុងការរស់នៅប្រចាំថ្ងៃ និងដើម្បីពង្រឹងនូវប្រសិទ្ធិភាព នៃការបង្រៀន ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ជាក់ស្តែងចំនួនសិស្សដែលប្រឡងជាប់និទ្ទេស A មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ធ្វើការកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ក្នុងការបំពេញ តួនាទី ភារកិច្ចរបស់បានល្អប្រសើរជាងមុន ដែលធ្វើឲ្យការសិក្សារបស់សិស្សានុសិស្ស ទទួលបានលទ្ធផលសិក្សាល្អគួរ ឲ្យកត់សម្គាល់ ស្របតាមកំណែរទម្រង់ក្នុងវិស័យអប់រំ ដែលមានទិសដៅលើកកម្ពស់តម្លៃគ្រូបង្រៀន គុណភាពអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ទៅតាមតម្រូវការទីផ្សារ និងសមាហរណកម្មអាស៊ាន។ ឯកឧត្តម បានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវគោរពវិន័យ មកបង្រៀនឲ្យបានទៀងទាត់ ដើម្បីបន្តអនុវត្តតាមគោលនយោបាយកំណែរទម្រង់ ក្នុងប្រព័ន្ធអប់រំនេះ ឲ្យមានប្រសិទ្ធភាពបន្តទៀត។

លោក ជូ វុនធី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ ធ្វើរបាយការណ៍នៃកាបំពាក់គ្រឿងឥស្យរិយយស ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូក្នុងខេត្តកំពង់ធំ ចំនួន ៣៧៧ នាក់ ក្នុងនោះមេដាយមាស មានចំនួន ៩១នាក់ មេដាយប្រាក់ចំនួន ១២៤នាក់ មេដាយសំរឹទ្ធមានចំនួន ១៦២នាក់ និងប័ណ្ណសរសើរចំនួន ៤៣នាក់។