រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជិត ៦០០នាក់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ

362

ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ទីទួលសុវត្ថិភាពចំនួន ៣កន្លែង ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌជំនួយអត់សំណងរបស់មូលនិធិ អភិវឌ្ឍន៍ណ័រឌិក (NORDIC DEVELOPMENT FUND) នៅឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួយគាំទ្រអនុវត្តគម្រោង ជាពិសេសម្ចាស់មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) ដែលបានផ្តល់ជំនួយដ៏មានសារៈសំខាន់នេះ ដើម្បីសាងសង់រោងជម្រកនៅទីទួលសុវត្ថិភាពចំនួន ៣កន្លែង និងមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ ២កន្លែង និងមណ្ឌលព័ត៌មានសង្គ្រោះបន្ទាន់ ដោយមានបំពាក់សម្ភារៈទំនើបៗ ដើម្បីធ្វើការឆ្លើយតបបានទាន់ពេលវេលា និងជួយសម្រួលដល់ប្រជាពលរដ្ឋនៅពេលមានជួបគ្រោះធម្មជាតិ។

 

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានលើកឡើអំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា គឺជាទុក្ខលំបាករាជរដ្ឋាភិបាល។ សមិទ្ធិផលទំាងនេះ គឺជាការរួមចំណែកនៃការរីកចម្រើនប្រទេសជាតិយើង និងជាកន្លែងទីទួលសុវត្ថិភាពធានា នៅពេលមានគ្រោះធម្មជាតិកើតឡើងម្តងៗ ព្រោះគ្រោះធម្មជាតិ មនុស្សមិនអាចយកឈ្នះបានទេ ប៉ុន្តែមនុស្សអាចបញ្ចៀស គ្រោះធម្មជាតិបាន តាមរយៈការសាងសង់ទីទួលសុវត្ថិភាព ដើម្បីជួយបងប្អូនឲ្យគេចផុត ពីគ្រោះថ្នាក់ជាយថាហេតុ។ ហើយទីទួលសុវត្ថិភាពនេះ មិនមែនជាកន្លែងឯកជននោះទេ ដូច្នេះសូមបងប្អូនត្រូវជួយថែរក្សាឲ្យបានគង់វង្ស និងស្ថិតស្ថេរតទៅទៀត។

ឯកឧត្តមបន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំទាក់ទាញ អ្នកវិនិយោគគិនជាតិ អន្តរជាតិ ដើម្បីធ្វើការវិនិយោគ និងអភិវឌ្ឍន៍ប្រទេស ក្នុងនោះមាន ហេដ្ឋារចនាសម្ពន័្ធនានាដូចជា ផ្លូវលំ ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន វត្តអារាម អណ្តូងទឹក ជាដើម។ បន្ទាប់មក ឯកឧត្តម បានប្រគល់អំណោយ ដល់អ្នកចូលរួមនូវក្រម៉ា ម្នាក់ ១ ជានិមិត្តរូប ផងដែរ៕