រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អភិបាលខេត្តកំពង់ធំ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅស្រុកសន្ទុក

31

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមដំណើរ​ជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញ អញ្ជើញចុះ​ពិនិត្យ​កសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានលើកទឹកចិត្តប្រជាកសិករ នាំគ្នាខិតខំប្រកបមុខរបរ​ចិញ្ចឹមត្រី​បន្ថែមទៀត និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ពីប្រទេសជិតខាង ដើម្បី​លើក​កម្ពស់តម្លៃត្រីក្នុងស្រុក ហើយអំពាវនាវដល់អ្នកនាំចូលត្រីងាកមកប្រមូលទិញត្រីរបស់វារីប្បករវិញ ដើម្បី​បំពេញ​តម្រូវការក្នុងស្រុក មានប្រភពច្បាស់លាស់ត្រឹមត្រូវ ជៀសវាងបរិភោគ​ត្រីចិញ្ចឹមលាយផ្សំ​សារធាតុ​គីមី។

ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក សុខ រ៉ាដែន ដែលបានវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីនៅតំបន់នេះ ដែលបានការរៀបចំកសិដ្ឋាន​បានល្អត្រឹមត្រូវតាម​បច្ចេក​ទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូល និងក្សេត្របរិស្ថានដែលមានលក្ខណអំណោយផល
សម្រាប់​ជីវិតរស់នៅរបស់ត្រីបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្ត ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក នៅមជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ខេត្តព្រៃវែង ដែលបានចង្អុលណែនាំគាំទ្រ និងលើក ទឹកចិត្តឲ្យប្រជាកសិករ​ខិតខំ​ចិញ្ចឹមត្រី និងកង្កែបជាលក្ខណគ្រួសារ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល និងជំរុញការ​នាំចេញ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺ ឆ្លងកូវីដ-១៩។ ម្យ៉ាងវិញទៀត ចូលរួមចំណែកបំពេញ​សេចក្តីត្រូវការ​ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត ជួយរកទីផ្សារ ដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយជួយរៀបចំផែនការ​ផលិត​កម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី និងបរិស្ថាន​ចិញ្ចឹម ឈានឆ្ពោះទៅបំពេញខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែម។

លោក សុខ រ៉ាដែន បានប្រាប់ថា រាល់ថ្ងៃនេះខ្ញុំបានបោះទន់ទៅការចិញ្ចឹមត្រីនេះប្រមាណជា ១លានដុល្លា​ហើយ ដោយមានផ្ទៃដីប្រមាណជិត៥០ហិកតា មានចំនួន៣ទីតាំង ហើយចិញ្ចឹមត្រីមានច្រើនប្រភេទ ដូចជា ត្រីប្រា ត្រីក្រាញ់ ត្រីស្ពិន និងឡាប់យ៉ា ហើយការចិញ្ចឹមនេះគឺដោយមានការចំណងចំណូលចិត្តចិញ្ចឹម ហើយមិនចង់អោយប្រជាពលរដ្ឋយើងទិញ យកទៅទទួលទានត្រី អោយដឹងពីប្រភពត្រីមកពីណា ជាពិសេស​ត្រីនាំពីបរទេស យើងពុំបានដឹងពីការចិញ្ចឹមរបស់គេ។