រូបសំណាកដាវដែកកំពង់ស្វាយ ត្រូវបានរដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីអភិសេកជាផ្លូវការ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងបង្ហាញពីជំនឿសាសនា

102

(រដ្ឋបាលខេត្តកំពង់ធំ)៖ រូបសំណាកដាវដែកកំពង់ស្វាយ ដែលបានសាងសង់រួចជាស្ថាពរ ដែលមានប្រវែង ៦.៤ ម៉ែត្រ ទទឹងដាវ ០,៤៥ ម៉ែត្រ កំរាស់ខ្នងគល់ដាវ ០,៧០ ម៉ែត្រ ផ្នែកគល់ដាវ០,៣០ ម៉ែត្រ ផ្នែកចុងដាវ ០,២០ ម៉ែត្រ ផ្នែកមុខដាវ០,១០ ម៉ែត្រ ត្រូវបានរដ្ឋបាលខេត្តកំពង់ធំមានរៀបចំប្រារព្ធពិធីអភិសេកជាផ្លូវការ ក្រោម​អធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ ដែលមានទីតាំងស្ថិតនៅចំណុចផ្លូវច្រមុះជ្រូក កំពង់ធំ សៀមរាប និងកំពង់ធំ ព្រះវិហារ ក្នុងភូមិថ្នល់បែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីសុំសេចក្តីសុខ សិរីសួស្តី ចំរើនរុងរឿង ក៏ដូចជារួមចំណែកលើកកំពស់ប្រពៃណី វប្បធម៏ជាតិ កែលម្អសោភណ្ឌភាពក្នុងខេត្តកំពង់ធំ ឲ្យកាន់តែ​ស្រស់ស្អាត​ថែមទៀត។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ដាវដែកកំពង់ស្វាយ មានប្រវត្តិល្បីល្បាញជាយូរ​មកហើយ ដែលជាដាវមានមហិទ្ធិឫទ្ធិដ៏អស្ចារ្យ រហូតដល់យកដាវដែកកំពង់ស្វាយ ធ្វើក្នុងពិធីរៀប​អាពាហ៍ពិពាហ៍​ទៀតផង។ ហើយទន្ទឹមនឹងនោះ ខេត្តកំពង់ធំយើង នៅសល់សមិទ្ធិផលថ្មីៗចំនួន ២កន្លែង ដែលនឹងត្រូវរៀបចំពីធីអភិសេក នៅពេលខាងមុខនេះ រួមមាន សួនច្បារ និងរូបសំណាកលោកតាអាចារ្យលាក់ នៅសង្កាត់អាចារ្យលាក់ និងសួនច្បារ និងរូបសំណាកលោកតាក្រហម នៅសង្កាត់ដំរីជាន់ខ្លា ដែលបច្ចុប្បន្ន​កំពុងសាងសង់ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកលំហែកាយនៅទីនេះ សូមជួយគ្នាថែរក្សា សួនច្បារ រក្សាអានាម័យ មិនត្រូវបោះសម្រាមចោលក្រៅធុងសម្រាម ដែលធ្វើឲ្យប៉ះពាល់បរិស្ថាននៅទីនេះ ក៏ដូចជា​សណ្តាប់ធ្នាប់សាធារណៈជាដើម។

លើសពីនេះទៀត ឯកឧត្តម ជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីវិធានការការពារខ្លួនកុំឲ្យឆ្លងជំងឺ COVID-19 ជាជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី បានរីករាលដាលទូលទាំងពិភពលោក ដោយអនាម័យខ្លួនប្រាណ ឲ្យបានស្អាត លាងដៃនឹងទឹកអាល់កុលឲ្យបានញឹកញ៉ាប់ ផ្អាកធ្វើពិធីជួបជុំធំៗ ព្រមទាំងអំពាវនាវ​ដល់បងប្អូន​ទាំងអស់ សូមចូលរួមរក្សាឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាភាពចាំបាច់ ដើម្បីឲ្យរដ្ឋាភិបាលមានលទ្ធភាពផ្តោតយកចិត្តទុកដាក់ ទៅលើកិច្ចអភិវឌ្ឍន៍សង្គម និងសុខមាលរបស់​ប្រជាជន។ ក្រោមនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាពពេញលេញ គ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេស សូមពុកម៉ែបងប្អូនមិនត្រូវជឿលើការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិតរបស់ជនអគតិមួយចំនួន ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព បង្កភាពចលាចលទូទាំងប្រទេស៕