រូបសំណាកដាវដែកកំពង់ស្វាយ អមដោយសួន និងបង្ហាញរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ

134

រដ្ឋបាលខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់សួន និងរូបសំណាកដាវដែកកំពង់ស្វាយ នៅចំណុចផ្លូវច្រមុះជ្រូក កំពង់ធំ សៀមរាប និងកំពង់ធំ ព្រះវិហារ ក្នុងភូមិថ្នល់បែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងពលរដ្ឋយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ក្រុមការងារ និងអ្នកជំនាញបានប្រជុំ​ពិភាក្សាគ្នាជាច្រើនលើក ហើយសម្រេចសាងសង់រូបសំណាកដាវដែកដោយមិនមានស្រោម ដើម្បីចង់បង្ហាញពីរូបរាងដាវដែក​កំពង់ស្វាយដ៏មានមហិទ្ធិឫទ្ធិ។

ម្យ៉ាងទៀតក្នុងខេត្តកំពង់ធំ យើងមានរូបសំណាកបី ដែលបានបង្ហាញគ្រប់ទម្រង់ដើមទាំងអស់គឺ លោកឧកញ៉ាតេជោក្រហម ក មានកាន់ដាវដាក់ក្នុងស្រោម បង្ហាញជាកេតនភណ្ឌរបស់គាត់ និងស្រុកសន្តិភាពពេញលេញ។ រីឯរូបសំណាកអាចារ្យលាក់ កាន់ដាវដែលដកចេញពីស្រោមពាក់កណ្តាល នេះបង្ហាញពីភាពអង់អាចក្លាហានរបស់មេទ័ពកាលសម័យនោះ។

ឯកឧត្តមបានបន្តទៀតថា ទឹកដីខេត្តកំពង់ធំនៅពេលបច្ចុប្បន្ននេះ កាលពីនៅសតវត្សទី ១០ មានឈ្មោះថា សន្ទុក។ ឈ្មោះនេះ បានបន្តប្រើប្រាស់ដល់សម័យកណ្តាលនៅរវាងសតវត្សរ៍ទី១៧នៃគ្រឹស្តសករាជដែល​គេ​ហៅថា “ ខេត្តអាសន្ទុក ឬស្រុកសន្ទុក” (ពាក្យថា”ស្រុក” នៅសម័យកណ្តាលមានន័យស្មើខេត្តសព្វថ្ងៃ)។ ពេលនោះទីប្រជុំជនខេត្ត​ដំបូងស្ថិតនៅ​ភូមិព្រះឥន្រ្ទកុមារ ហើយក្រោយមកលើក ទៅភូមិកំពង់ស្វាយវិញ (តាមដងស្ទឹងសែន) ហើយសម្ដេចចៅពញាចន្ទរាជា ទ្រង់អនុញ្ញាត ឲ្យ ឧកញ៉ាចៅពញា ឧទ័យរាជា ជាចៅហ្វាយស្រុកអាសន្ទុក និងជាមេទ័ពទៀតផង។​ បន្ទាប់មកទៀត នៅក្នុងរាជ្យរបស់ព្រះបាទស្រីសុរិយោពណ៌ (គ.ស.១ ៦០ ៧ – ១៦១៨) ទ្រង់បានចាត់ឱ្យឧកញ៉ាតេជាបុរាជមាសតេជោមាស​ឬហៅថា ឧកញ៉ាក្រហមកធ្វើជាចៅហ្វាយស្រុកអាសន្ទុក។ ពេលនោះ ឧកញ៉ាតេជោមាស បានស្នើប្ដូរឈ្មោះ​ស្រុក​អាសន្ទុកមកជាស្រុកកំពង់ស្វាយវិញ។ ស្រុក ឬខេត្តកំពង់ស្វាយនៅពេលនោះ មានទំហំផ្ទៃដ៏ធំធេងណាស់​ដែលមាន​ព្រំប្រទល់ផែនដីជាប់ដែន ដីស្រុកលាវ។ ត្រង់ចំណុចនេះ មានន័យថាកាលពីខេត្តកំពង់ធំមានឈ្មោះថា “កំពង់ស្វាយ។ ប្រវត្តិដាវដែកកំពង់ស្វាយនៅក្នុងទឹកដីនៃស្រុកកំពង់ស្វាយនៅពេលនោះ មានទាំងជនជាតិ ខ្មែររស់នៅផង និងជនជាតិកួយ​រស់នៅផង។ ជនជាតិកួយ គឺជាពូជពង្សអ្នក ស្លដែក ដ៏ពូកែ សម្រាប់ប្រើប្រាស់នៅសម័យបុរាណ។ មុននឹងស្លជាដែកបាន គឺតែត្រូវកាត់ថ្មភ្នំដែលមាន រ៉ែដែកយកមកស្លក្នុងគុកចង្ក្រានដែលហៅថា “សន្លុង” ក្នុងសីតុណ្ហភាពយ៉ាងតិច៣០០០អង្សាសេ ទើបរលាយក្លាយជាផ្នែក។ ហើយភ្នំដែលគេស្គាល់ថ្មមានជាតិរ៉ែដែកច្រើននោះគឺភ្នំដែក ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ​សព្វថ្ងៃ និងជាអតីតដែនដីនៃខេត្តកំពង់ស្វាយដែរ។ ក្នុងនោះអ្វីដែលពិសេសបំផុត នៃផលិតផលដែកនោះគឺ ដាវ ដែលជា​អាវុធ​មួយប្រភេទ យ៉ាងមានសារៈសំខាន់សម្រាប់ប្រើប្រាស់ក្នុងសិកសង្គ្រាមនាសម័យបុរាណ។ ហេតុដូច្នេះហើយ បានជា​យើង ឮតាមបទចម្រៀងមង្គលការថា “ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែបានពីពុក ស្រោមបានពីម្តាយ…។

គួរបញ្ជាក់ផងដែរថាការសាងសង់ដាវដែកកំពង់ស្វាយមានប្រវែង ៦.៤ ម៉ែត្រ ទទឹងដាវ ០,៤៥ ម៉ែត្រ កំរាស់ខ្នងគល់ដាវ ០,៧០ ម៉ែត្រ ផ្នែកគល់ដាវ០,៣០ ម៉ែត្រ ផ្នែកចុងដាវ ០,២០ ម៉ែត្រ ផ្នែកមុខដាវ០,១០ ម៉ែត្រ ។