“រួមគ្នាដើម្បីលុបបំបាត់ការបំពុលបា្លស្ទិក” ជាប្រធានបទឆ្នាំ២០១៨ ក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា!

211

ព្រឹក​ថ្ងៃពុធ ៨កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ៥ មិថុនា ក្រោម​ប្រធានបទ “រួមគ្នា​ដើម្បី​លុបបំបាត់​ការបំពុល​បា្លស្ទិក“ នៅ​វិទ្យាល័យ​កំពង់ធំ ។

ក្រោយពី​លោក តុប កក្កដា ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត បាន​អាន​របាយការណ៍​ស្វាគមន៍​រួចមក ឯកឧត្តម សុខ លូ មានប្រសាសន៍ថា៖ សព្វថ្ងៃនេះ យើង​ឃើញថា​ការបោះ​ចោល​សំណល់រឹង ជាពិសេស​ថង់​ប្លាស្ទិក មានការ​កើនឡើង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ដូចជា​នៅតាម​ទីផ្សារ ទីប្រជុំជន កន្លែង​កំសាន្ត និង​តាម​ដង​វិថី​នានា ។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ស្ថាប័ន​​ជំនាញ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ។ បើ​យើង​ក្រឡេកមើល​ការគ្រប់គ្រង​កាកសំណល់​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន គឺ​ពួកគេ​គ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ។ នៅ​គ្រប់​ទីកន្លែង​ទាំងអស់ គឺ​មិនមាន​ឃើញ​ថង់​ប្លាស្ទិក​បោះចោល​នៅលើ​ដី​នោះទេ ។ នេះ​គឺ​មកពី​ការយល់ដឹង​យ៉ាងច្បាស់​អំពី​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ថង់​ប្លាស្ទិក និង​ការគោរព​ច្បាប់ ដែល​ពួក​អនុវត្តយ៉ាង​តឹងរឹង​បំផុត។

ឯកឧត្តម បន្តទៀតថា៖ យោងតាម​របាយការណ៍​របស់លោក​ប្រធានមន្ទីរ លទ្ធផល​នៃ​ការសិក្សា​របស់​អង្គការ​មូលនិធិ អា​ក្រា (ACRA) បានបង្ហាញ​ថា ថង់​ប្លាស្ទិក​ចំនួន​ប្រហែល ១០លាន​ថង់ ត្រូវបាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​ក្នុងប្រទេស​កម្ពុជា ដែល​ច្រើនជាង ១០ដង​នៃ​ការប្រើ​ជាមធ្យម​នៅ​សហភាព​អឺរ៉ុប និង​ប្រទេស​ចិនទៅទៀត ។ ហេតុអ្វី​បាន​ថង់​ប្លាស្ទិក​ត្រូវ​ចាត់ទុកថា​ជាការ​បំពុល​មួយ​ក្នុងចំណោម​ការបំពុល​បរិស្ថាន​ពិភពលោក? ព្រោះថា ថង់​ប្លាស្ទិក​ត្រូវការ​ពេល​ជាច្រើន​រយ​ឆ្នាំ​ក្នុងការ​បំបែក​ធាតុ ពុកផុយ និង​រលួយ ហើយ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​សង្គម សុខភាព និង​គុណភាព​បរិស្ថាន​តាមរយៈដូចជា៖

-ការធ្វើ​ឲ្យ​ស្ទះលូ​បង្ហូរទឹក បង្ក​ឲ្យ​មាន​ទឹកជំនន់​លិចលង់
-ការបាត់បង់​សោភ័ណភាព​ទីក្រុង និង​ទីប្រជុំជន
-ការផ្តល់​ជម្រក​ដល់​ភ្នាក់ងារចម្លងមេរោគ​ដល់​មនុស្ស និង​សត្វ
-ការ​ស្តុក​ទុក​សារធាតុគីមី​ពុល​ដែល​អាច​ជ្រាបចូល​ទៅក្នុង​ដី ធ្វើឲ្យខូច​គុណភាព​ដី និង​បំពុល​ទឹក​លើដី                 និង​ក្រោម​ដី
-ការ​បំ​ភាយ​សារធាតុគីមី​ទៅក្នុង​ចំណីអាហារ​ដែល​បាន​ផ្ទុក​ក្នុង​ថង់​ប្លាស្ទិក
-ការ​បំ​ភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស​នៅពេល​ដុតបំផ្លាញ​វា ។

ដោយ​ឃើញ​នូវ​បញ្ហា​ប្រឈម​ចំពោះមុខ​ដោយសារ​ថង់​ប្លាស្ទិក និង​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​ឲ្យ​នៅ​កម្រិត​អប្បបរមា ស្ថាប័ន​មាន​សមត្ថកិច្ច បានកំណត់​វិធានការ ដូចជា​ការកំណត់​កម្រៃ​បន្ថែម​អប្បបរមា​លើ​ការផ្តល់​ថង់​ប្លាស្ទិក​ដល់​អតិថិជន ការគ្រប់គ្រង​ការនាំចូល ការផលិត ការចែក​ចាយ និង​ការប្រើប្រាស់​ថង់​ប្លាស្ទិកជាដើម។

ឯកឧត្តម បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ចូលរួមចំណែក ក្នុងការ​គ្រប់គ្រង​ថង់​ប្លាស្ទិក​តាម​ទីសាធារណៈ ក៏ដូចជា​តាមលំនៅដ្ឋាន ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ធុងសម្រាម ក៏ដូចជា​ការ​ទុកដាក់ និង​កប់​ស​ម្រាម​ឲ្យ​បានល្អ ។ ទម្លាប់​មិន​ទទួលកំហុស​ខ្លួនឯង និង​បង្វែរ​កំហុស​លើ​អ្នកដទៃ វា​មិនបាន​ជួយ​ឲ្យ​យើង​មាន​សេចក្តីសុខ និង​រីកចម្រើន​បានទេ ដូចដែល​ព្រះពុទ្ធអង្គ​លោក​បាន​សម្តែង “ការចេះ​បន្ទោស​ខ្លួនឯង រមែង​តែង​បាន​សេចក្តីសុខ​ដ៏​ឧត្តម” ។ ការកសាង​ទម្លាប់​ល្អ​នេះ គួរ​ចាប់ផ្តើម​ពី​យើងទាំងអស់គ្នា និង​ពី​ពេលនេះ​តទៅ ។ បន្ថែម​លើ​នេះ​ទៀត យើង​ត្រូវ​ចូលរួម​ពង្រឹង​ការអនុវត្ត​ឲ្យ​កាន់តែមាន​ប្រសិទ្ធភាព តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក ជំនួស​វិញ​ដោយ​ការប្រើប្រាស់​កន្ត្រក​ឫស្សី ល្ពា​ក់ ស្លឹកចេក ស្លឹក​ឈូក ក្នុងការ​វេច​ខ្ចប់ ដែល​វា​ងាយ​នឹង​ពុកផុយ​ក្លាយជា​សារជាតិ​សរីរាង្គ និង​ចូលរួមចំណែក​ក្នុងការ​គាំទ្រ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី​យើង​ផងដែរ ។

ឯកឧត្តម បន្ថែមទៀតថា ​ងាក​មក​មើល​ប្រទេសខ្មែរ​យើង​វិញ បើ​មើលទៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្នុង​រយៈពេល៥០០ឆ្នាំ​ចុងក្រោយ​នេះ ប្រទេសខ្មែរ​គឺ​ពិតជា​ពុំមាន​ស្ថេរភាព និង​សន្តិភាព​បានយូរ​ឡើយ គឺមាន​សង្គ្រាម​ជាប់​ជានិច្ច ប្រទេស​រីក​រួម ដែល​ផ្ទុយស្រឡះ​ពី​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែលមាន​សន្តិភាព​ពេញលេញ និង​រក្សាបាន​នូវ​បូរណភាព​ទឹកដី មិនមាន​បាត់បង់​បន្ថែមទៀត​ឡើយ ។ ក្នុង​រយៈពេល​ជាង៣០ឆ្នាំនេះ យើង​បាន​ខិតខំ​កសាង​ប្រទេស ទោះ​យើង​មិនអាច​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដែលគេ​មាន​សន្តិភាព​ជាង១០០ឆ្នាំ ក៏ដោយ ឲ្យ​តែ​យើង​ខំប្រឹង និង​កែ​ទម្លាប់ល្អ តាម​អ្នកវិភាគ បើ​ប្រទេស​យើង​អាច​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ដូចសព្វថ្ងៃ ក្នុង​ឆ្នាំ២០៣០ យើង​នឹង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​កម្រិតមធ្យម និង​ដល់​ឆ្នាំ២០៥០ ប្រទេស​យើង​នឹង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍ ។ ដូច្នេះហើយ​បាន​ សម្តេចតេជោ ប្តេជ្ញា​ដាច់ខាត មិន​ឲ្យជ​នណា​មក​បំផ្លាញ​សុខសន្តិភាព​ដែល​យើង​កំពុង​តែមាន​នេះ​បានឡើយ ។ ទាំងនេះ​បង្ហាញថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ ជា​ប្រមុខរដ្ឋ គឺ​ប្រទេស​មានការ​រីកចម្រើន​ទៅមុខ ទៅតាម​កម្រិត និង​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង ។ ដូច្នេះហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗដែល​គ្រប់​អាយុ និង​មានឈ្មោះ​បោះឆ្នោត សូមទៅ​បោះឆ្នោត​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យ​បាន​គ្រប់ៗគ្នា ដើម្បី​ប្រើ​ចុង​ស្លាបប៉ាកកា ធ្វើការ​ជ្រើសរើស​មេដឹកនាំ ដែល​អាច​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅរក​ភាព​រីកចម្រើន រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​បន្ត​បន្ថែមទៀត។

ជាចុងក្រោយ ឯកឧត្តម ក៏បាន​ចែក​រង្វាន់​ជូនដល់​អ្នក​ដែល​ឆ្លើយសំនួរ​បរិស្ថាន​បាន​ត្រឹមត្រូវចំនួន៦នាក់នូវ​កង់​ចំនួន ៦គ្រឿង និង​ចែកជូន​នូវ​ធុងសម្រាម​សម្រាប់ វិទ្យាល័យ​កំពង់ធំ​ចំនួន១០ធុង វិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ចំនួន១០ធុង សាលា​គរុកោសល្យ​ចំនួន៥ធុង ស្នងការដ្ឋាន​នគរបាល​ចំនួន៥ធុង បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ចំនួន៥ធុង និងបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ចំនួន៥ធុង សរុប​ចំនួន៤០ធុងសម្រាម ៕