រៀបចំវេទិកាសាធារណៈដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រាស់អគ្គិសនី

97

រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាសាធារណៈដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមក្នុងការប្រើប្រាស់អគ្គិសនី

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ប្រមាណជិត ៤០០នាក់ ចូលរួមស្តាប់វេទិកាសាធារណៈស្វែងរកដំណោះស្រាយ បញ្ហាប្រឈមក្នុងការប្រើប្រាស់អគ្គិសនីក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំ និងឯកឧត្តម យឹម វិសិដ្ឋ អនុប្រធានទី១ អាជ្ញាធរអគ្គីសនីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។

ក្នុងនោះប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា ការប្រើប្រាស់អគ្គីសនីរបស់ពួកគាត់ ហាក់ដូចជាមាន លក្ខណៈមិនប្រក្រតីមួយចំនួន ដូចជា កុងទ័រភ្លើងដើរលឿន បើទោះបីជាការប្រើប្រាស់សម្ភារៈរបស់ពួកគាត់ ស្ថិតនៅដដែលក៏ដោយ។ ម្យ៉ាងវិញទៀត ពួកគាត់ក៏បានត្អូញត្អែរទៀតថា ចាប់តាំងពីតបណ្តាញអគ្គីសនី ដែលមានតម្លៃទាបមក យើងសង្កេតឃើញថា ចរន្តអគ្គីសនីមានការដាច់ញឹកញាប់ ដែលធ្វើឲ្យសម្ភារៈប្រើប្រាស់ អគ្គីសនីក្នុងផ្ទះ មានការខូចខាត់ច្រើន។

ឯកឧត្តម យឹម វិសិដ្ឋ បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបំណងតបណ្តាញអគ្គីសនីចូលក្នុងផ្ទះពួកគាត់អាច ទិញខ្សែរភ្លើង កុងទ័រ ព្រមទាំងសម្ភារៈអគ្គីសនីផ្សេងៗទៀត អាចទិញនៅទីណាក៏បានដែរ សេវាករអគ្គីសនី មិនមានការហាមឃាត់ទេ ហើយអ្នកផ្គត់ផ្គង់អគ្គីសនី អាចជួយអូសខ្សែរភ្លើងពីកុងទ័រ ទៅខ្នងផ្ទះប្រជាពលរដ្ ឋមានចំងាយប្រហែល ១៥០ម៉ែត្រ ដោយមិនគិតប្រាក់។ ឯកឧត្តមបន្ថែមទៀតថា កន្លងមកខាងអជ្ញាធរ អគ្គីសនីកម្ពុជាសំទោស ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកំពង់ធំ ដែលការ ផ្គត់ផ្គង់អគ្គីសនីកន្លងមក មានការរអាក់រអួល ដាក់ញឹកញាប់ ធ្វើឲ្យរំខាន និងប៉ះពាល់ដល់ការខូចខាតសម្ភារៈ ប្រើប្រាស់អគ្គីសនីជាដើម ដោយសារខេត្តកំពង់ធំ ជាខេត្តមួយស្ថិតនៅចំកណ្តាលប្រទេស និង យកប្រភព អគ្គីសនីមកពីតំបន់ឆ្ងាយ ដូចជា ខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តសៀមរាប ជាដើម។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារងចាំ ព្រោះនៅខេត្តកំពង់ធំ អាជ្ញាធរអគ្គីសនីកម្ពុជា នឹងខិតខំពន្លឿន សាងសង់អនុស្ថានីយ៍មួយ នៅស្រុកកំពង់ស្វាយ អោយរួចក្នុងខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

ឯកឧត្តម សុខ លូ ថ្លែងថា វេទិកានេះ បានដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ នៅពេលដែល ប្រជាពលរដ្ឋបានលើកពីបញ្ហាមួយចំនួន ដូចជា បញ្ហាដាច់ភ្លើងញឹកញាប់ កុងទ័រភ្លើងដើរលឿន ភ្លើងឡើងគីឡូ មានភាពមិនប្រក្រតី សូមអោយបងប្អូនប្រជាពលរដ្ឋដាក់ពាក្យស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមការងារចុះ មកត្រួតពិនិត្យជាក់ស្តែងបានទាន់ពេលវេលាដោយមិនយកលុយទេ ប្រសិនបើមានកុងទ័រខូច ឌីសង់ទ័រខូច ដោយធម្មជាតិ (រន្ទះបាញ់ ដើរលឿន ដើរយឺត ឬគាំង) រាល់ការដោះដូរកុងទ័រថ្មីនេះ គឺមិនតម្រូវឲ្យប្រជាពលរដ្ឋ បង់លុយនោះទេ។ ឯកឧត្តមបន្ថែមទៀតថា កាលពីមុន យើងមិនទាន់មានភ្លើងប្រើប្រាស់ទេ បងប្អូន ប្រជាពលរដ្ឋសំណូមពរស្នើសុំអោយអាជ្ញាធរអគ្គីសនីតបណ្តាញអគ្គីសនីដល់ផ្ទះរបស់គាត់ ដោយបច្ចុប្បន្ននេះ ការផ្គត់ផ្គង់អគ្គីសនីនៅក្នុងខេត្តកំពង់ធំ ត្រូវនាំយកមកពីតំបន់ឆ្ងាយ ធ្វើការផ្គត់ផ្គង់អគ្គីសនីនេះ ជួបនូវបញ្ហារ អាក់រអួលខ្លះ ដាច់ញឹកញាប់ ហើយការដាច់ភ្លើងនេះ មិនមែនដាច់តែផ្ទះបងប្អូនទេ ផ្ទះរបស់ឯកឧត្តមក៏ដាច់ដែរ ដាច់ភ្លើងគ្រប់កន្លែងទាំងអស់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ អំពីការដាច់ភ្លើងនេះ។

ចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ស្នើឲ្យក្រុមហ៊ុនផ្គត់ផ្គង់អគ្គីសនី សេវាករទាំងអស់ សូមមេត្តាពិនិត្យនូវបុគ្គ លិករបស់ខ្លួនឲ្យបានច្បាស់លាស់ និងសូមគ្រប់ក្រុងស្រុក ត្រូវខិតខំយកចិត្តទុកដាក់អំពីបញ្ហានេះ និងធ្វើការ ផ្សព្វផ្សាយបន្តទៀត អំពីតម្លៃសេវាករតបណ្តាញអគ្គីសនី នៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ ជៀសវាង សេវាករណាមួយ យកតម្លៃខ្ពស់ជាងអជ្ញាធរអគ្គីសនីកម្ពុជាបានកំណត់ ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរ អគ្គីសនីកម្ពុជា ដែលបានចូលរួមចំណែកសហការជាមួយអាជ្ញាធរខេត្ត និងបានសំណូមពរ ដល់ឯកឧត្តម យឹម វិសិដ្ឋ ជួយពន្លឿននូវការសាងសង់អនុស្ថានីយ៍ឲ្យបានរួចរាល់ក្នុងកំឡុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីកាត់បន្ថយការដាច់ភ្លើងញឹកញាប់ និងអាចផ្គត់ផ្គង់អគ្គីសនីបានគ្រប់គ្រាន់ទូរទាំងខេត្តផងដែរ៕