លោកជំទាវម៉ែន សំអន ៖ ស្ត្រី គឺជាត្បូងដ៏មានតម្លៃសម្រាប់គ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ

60

(រដ្ឋបាលខេត្តកំពង់ធំ)៖ថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ និងពិធីប្រកាសទទួលស្គាល់ ការកែរសម្រួល និងបំពេញ​បន្ថែមសមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងគណៈចលនាស្រ្តី​ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ធំ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បី​សន្តិភាព​និងអភិវឌ្ឍន៏បានថ្លែង ស្ត្រី គឺជាត្បូងដ៏មានតម្លៃសម្រាប់គ្រួសារ ហើយតួអង្កស្ត្រី គឺមិនអាចខ្វះបាន ព្រោះស្ត្រី​គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ ជាពិសេស ស្រ្តីក៏មានទួនាទីក្នុងការបញ្ជៀប និងផ្សព្វផ្សាយបន្ថែមទៀត នូវសមិទ្ធិផល​ជាច្រើនដែលបានកសាងឡើងដោយគណបក្សប្រជាជនជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឈានឆ្ពោះទៅដណ្តើម​ជោគជ័យ​នៃការបោះឆ្នោតនៅឆ្នាំ ២០២២ និង ឆ្នាំ២០២៣ នាពេលខាងមុខ។

ជាមួយគ្នានោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការសាក សួរសុខទុក្ខនិង​សេចក្តីនឹករលឹក​ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារី នូវសេចក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនាកក់ក្តៅ។

លោកជំទាវបានបន្តទៀតថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្រោមការ​អនុវត្ត​នូវនយោបាយ ឈ្នះ ឈ្នះ និងបានធ្វើឲ្យកាន់តែប្រសើរឡើងនូវ មនុស្ស ផ្លូវ ទឹក ភ្លើង សម្រាប់ជាការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

លោកជំទាវក៏បានសំណូមពរដល់លោកជំទាវ លោកស្រី ដែលបានប្រកាសកែសម្រួលនាថ្ងៃនេះ ត្រូវអនុវត្តតួនាទីភារកិច្ច​របស់ខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ស្របតាមតួនាទីដែលមានចែងក្នុងសេចក្តីសម្រេច។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងសុន្ទរកថាស្វាគមន៍រួចមក លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាកមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានធ្វើរបាយការណ៍អំពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈម ដែលតែងតែកើតមានឡើងកន្លងមក នូវការធ្វើចលនា​សកម្មភាពតាមមូលដ្ឋាន និងការពង្រីកសមាជិកភាព​របស់សមាគមនារីនៅក្នុងអនុសាខា ឃុំ សង្កាត់ ពុំទាន់បានទូលំទូលាយ នូវមានកម្រិត ហើយអនុសាខាតាមបណ្ដាក្រុងស្រុកពុំទាន់មានថវិកាសមាគមផ្ទាល់ខ្លួនសម្រាប់ទ្រទ្រង់ការងារនៅឡើយ៕