លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំគណៈកម្មការទី៥នៃព្រឹទ្ធសភា ចុះបំពេញបេសកកម្ម សិក្សាស្វែងយល់លើទឹកដី ខេត្តកំពង់ធំ

36

រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ទទួលបន្ទុកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចុះបំពេញបេសកកម្ម សិក្សាស្វែងយល់ អំពីការអនុវត្តច្បាប់អន្តោ ប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មានលើទឹកដីខេត្តកំពង់ធំ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការទទួលស្វាគមន៍យ៉ាង​កក់ក្តៅពីសំណាក់​ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នឹងដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញដែលពាក់ព័ន្ធក្នុង​វិស័យ​ខាងលើ និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរជាច្រើននាក់ទៀត។

ឯកឧត្តម សុខ លូ បានរាយការណ៍ជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពទូទៅ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាព​សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពរបស់ខេត្ត ជូនគណៈប្រតិភូ។ ឯកឧត្តមអភិបាលក៍បានបន្តថា កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើនជឿនលឿនជារៀងរាល់ឆ្នាំស្របតាមការនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ រដ្ឋបាលខេត្តនៅមានកិច្​ចការងារ​ជាច្រើនទៀតដែលត្រូវអនុវត្ត និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួន ឲ្យស្របតាម​កម្មវិធី​នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់​ការអភិវឌ្ឍន៍របស់ខេត្ត ឲ្យបានកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដែលបាន​យក​ចិត្តទុកដាក់ចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំនាពេលនេះ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការ​អនុវត្តន៍​ច្បាប់អន្តោ ប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទី៥ នៃ​ព្រឹទ្ធសភា ទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើនលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

ជាកិច្ចបន្ត លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានកោតសរសើរ ដោយបានវាយតម្លៃ​ខ្ពស់​ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តកំពង់ធំ មានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង។ លោកជំទាវ ក៏បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការដេញដោលអ្វីនោះទេ ពោលគឺគណៈកម្មការទី៥ មានបំណងចង់ស្វែងយល់ ស្ដាប់បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីពិភាក្សា រកដំណោះស្រាយពីបញ្ហា ប្រឈមទាំងនោះ ក្នុងន័យបម្រើប្រជាពលរដ្ឋ និងសង្គមឲ្យកាន់តែល្អប្រសើរ៕