វគ្គផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើហឹង្សាក្នុងគ្រួសារ

167

ព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៧ លោក​ជំទាវ ឃួន ឃុន​ឌី អភិបាល​រង​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​ពិធី​បើក​វគ្គ​ផ្សព្វ​ផ្សាយ​ច្បាប់​មួយ​ចំនួន​ស្តី​ពី វិធី​សាស្ត្រ​ធ្វើចំណាក​ស្រុក​ដោយ​សុវត្ថិភាព ច្បាប់​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ ច្បាប់​ទប់​ស្កាត់​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ កិច្ច​ការ​ពារ​ជន​រង​គ្រោះ និង​អន្តរាគមន៍​ជួយ​ជន​រង​គ្រោះ​ស្ត្រីនិង​កុមារ​ដោយ​ការ​បំពាន​ផ្លូវ​ភេទ ដែល​រៀប​ចំ​ឡើង​ដោយ​ លេខា​ធិការ​ដ្ឋាន គ.ខ.ប.ជ ខេត្ត​កំពង់​ធំ នៅ​វត្ត​ឥន្ទ​រង្សី (ហៅ​វត្ត​ហប់) ស្ថិត​នៅ​ភូមិ​ទទា ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ ។ ក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី លោកអភិបាល​ស្រុក​ស្ទោង មន្ត្រី​រាជ​ការ​រដ្ឋបាល​ស្រុក កង​កម្លាំង​ប្រដាប់​អាវុធ មេឃុំ លោក​គ្រូ អ្នក​គ្រូ ប្រជា​ពល​រដ្ឋ និងសិស្សា​នុសិស្ស សរុប ៣៣៨​នាក់ ស្រី ១៧១​នាក់ ។

លោក ព្រឹម រដ្ឋា អភិបាល​ស្រុក​ស្ទោង និង​ជា​សមាជិក​គណៈ​កម្មាធិការ​ ប្រយុទ្ធ​ប្រឆំាង​អំពើ​ជួញ​ដូរ​មនុស្ស ខេត្ត បាន​ប្រសាសន៍​ថា សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ និង​សិស្សា​នុសិស្ស យក​ចិត្ត​ទុក​ដាក់​ស្តាប់​នូវ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់ទាំង​នេះ ព្រោះ​វា​មានសារៈ​សំខាន់​ណាស់​ចំពោះ​យើង​ទាំង​អស់​គ្នា ។​

លោក​ជំទាវ ឃួន ឃុន​ឌី ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ដែរ​ថា ប្រជា​ពល​រដ្ឋ​សព្វ​ថ្ងៃ​នេះ​ធ្វើ​ការ​ចំណាក​ស្រុក​ច្រើន​ដោយមិន​ស្រប​ច្បាប់ តាម​រយៈ​មេ​ខ្យល់ ធ្វើ​ឲ្យ​បង​ប្អូន​ពិបាក​ក្នុង​ការឆ្លង​ដែន និង​​រក​ទី​កន្លែង​ធ្វើ​ការ ក៏​ដូច​ជា​កន្លែង​ស្នាក់​នៅ​ជា​ដើម ។ លោក​ជំទាវ​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​បង​ប្អូន​ចង់​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គឺ​ត្រូវ​ទៅ​ដោយ​ស្រប​ច្បាប់ រក​ក្រុម​ហ៊ុន​ឲ្យ​បាន​ច្បាស់​លាស់ ។ លោក​ជំទាវ​ក៏​បាន​ផ្សព្វ​ផ្សាយ​អនុសាសន៍ ៦​ចំណុច របស់​សម្តេច​កិតិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្តី​ពី​ការ​លើក​កម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​ខ្មែរ ១) ផ្សព្វ​ផ្សាយ​ឲ្យ​ទូលំ​ទូលាយ​អំពី​សីលធម៌ សុជីវ​ធម៌​ក្នុង​ការ​រស់នៅ ២) ផ្សព្វ​ផ្សាយ​អប់រំ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទំាង​អស់ ៣) ការ​បង្ក្រាប​ទប់​ស្កាត់​​ភាព​យន្ត​​អាស​អាភាស ៤) សូម​ឲ្យ​មាតា​បិតា លោក​គ្រូ អ្នក​គ្រូ ជួយ​អប់រំ​កូន​ចៅ សិស្សា​នុ​សិស្ស​ចាប់​ពី​ថ្នាក់បឋម​ទៅ ដើម្បី​ឲ្យ​ក្មេង​ដឹង​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​​ខ្មែរ​យើង​ ៥) ផ្សព្វ​ផ្សាយ​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព ច្បាប់​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ច្បាប់​ទប់ស្កាត់​អំពើ​ហឹង្សា​ក្នុង​គ្រួសារ កិច្ចការ​ពារ​ជន​រង​គ្រោះ និងអន្តរាគមន៍​ជួយ​ជន​រង​គ្រោះ​ស្ត្រី​និង​កុមារ ដោយ​ការ​បំពាន​ផ្លូវភេទ ៦) ធ្វើ​វេទិកា​សំណួរ​ចម្លើយ​​​ដល់​អ្នកចូល​រួម ។

ជា​ចុងបញ្ចប់​លោក​ជំទាវ ឃួន ឃុន​ឌី បាន​ផ្តាំ​ផ្ញើ​ដល់សិស្សា​នុសិស្ស​ត្រូវ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ និង​សុំឲ្យ​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​លោក​គ្រូ អ្នក​គ្រូ ត្រូវ​មាន​វេទិកា​មួយ​ដើម្បី​ជួយ​រំលឹក​ដល់​សិស្សា​នុសិស្ស អំពី​សីលធម៌ សុជីវ​ធម៌ ក្នុង​ការ​រស់​នៅ និង​សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ ត្រូវ​ដាំ​បន្លែ​បង្ការ​ជុំវិញ​ផ្ទះ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ដោយ​រស់​នៅ​ស្អាត ហូប​ស្អាត ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន និងគោរពច្បាប់ចរាចរណ៍ ៕