វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ រៀបចំប្រារព្ធពិធីក្បួនដង្ហែរទានព្រះវស្សា

285

ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ងួន រាសី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាជាតិ អមដំណើរដោយឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការក្នុងខេត្ត  បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួនទៀតវេរប្រគេនចំពោះព្រះសង្ឃចំនួន០៩ វត្តនៅក្នុងខេត្តកំពង់ធំ ពិធីនេះប្រារព្ធធ្វើឡើងនៅវត្ត ឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) ក្រុងស្ទឹងសែន ។

បន្ទាប់ពីព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្ត និងជាព្រះទេពសត្ថា ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា សូត្រស្វាយធ្យាយ ជយន្តោ រួចមក ឯកឧត្តម ងួន រាសី បានមានប្រសាសន៍សំណេះសំណាល ដោយលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសបានផ្តល់នូវសុខសន្តិភាព ពាសពេញផ្ទៃប្រទេស ។ ឯកឧត្តមបន្តទៀតថា «សព្វថ្ងៃនេះវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រមិនអាចកាត់ផ្តាច់ពីគ្នាបានទេ បើវិស័យអាណាចក្រ មិនរីកចម្រើន វិស័យពុទ្ធចក្រ ក៏មិនរីកចម្រើនដែរ ។

ហើយក្នុងថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានការសប្បាយរីករាយណាស់ដែលបានជួបជុំគ្នា ធ្វើបុណ្យជាមួយគ្នាក្រោមបរិយាកាសស្និតស្នាលរីករាយ ក្រោមដំបូលសន្តិភាព»។ ឯកឧត្តម សូមសំដែងនូវការសារទរ ចំពោះវិសយ័ពុទ្ធចក្រ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ជួយថែរក្សានូវទំនៀមទំលាប់នៃក្រមសីលធម៌ អប់រំចិត្តមនុស្សឲ្យស្គាល់បុណ្យ ស្គាល់បាប ចេះប្រតិបត្តិអំពើល្អជាកុសល ជួយបំផុសស្មារតីឲ្យយុវជនយើង ជៀសឆ្ងាយ នូវអំពើអបាយមុខផ្សេងៗ ពិសេស គឺជៀសឆ្ងាយពីគ្រឿងញៀន និងសូមអរគុណដល់មន្ត្រីរាជការតាមមន្ទីរអង្គភាពនានា ក៏ដូចជាប្រជាពុទ្ធបរិស័ទ ដែលបានចូលរួមចំណែកចាប់មគ្គុផលកុសលផលបុណ្យ ក្នុងពិធីបុណ្យប្រគេនទៀនព្រះវស្សានៅពេលនេះ ។

សូមបញ្ជាក់ផងដែរថា សម្រាប់នៅវត្តកំពង់ធំ ទទួលបាននូវទានព្រះវស្សា ១គូរ អង្ករ ២០០គីឡូក្រាម និងបច្ច័យសរុប ៣.៥០០.០០០៛ ។ ព្រះអនុគណក្រុង ស្រុកទាំងប្រាំបី ក្នុងមួយវត្តទទួលបានទានវស្សាមួយគូរ អង្ករ ១០០គីឡូក្រាម និងបច្ច័យ ១.២0០.០០០៛ ។ ចំពោះវត្តត្រពាំងជ្រៃ ឯកឧត្តមបណ្ឌិត បានចាត់តាំងតំណាងក្នុងខុទ្ធកាល័យយកទៅប្រគេនព្រះសង្ឃក្នុងវត្តដោយផ្ទាល់ ដោយទទួលបានទានវស្សាមួយគូរ អង្ករ ១០០គីឡូក្រាម និងបច្ច័យ ១.០០០.០០០៛ រីឯសម្ភារៈ និងបរិក្ខាសម្រាប់ប្រគេនព្រះមេគុណ វត្តអនុគុណក្រុងស្រុកទាំងប្រាំបី និងវត្តត្រពាំងជ្រៃក្នុងនោះមាន មី ៣កេស ទឹកត្រី ៣យូរ ទឹកសេអ៊ីវ ៣យូរ ស្ករស ៥គីឡូក្រាម ការហ្វេ ១គីឡូក្រាម ទឹកដោះគោ ១០កំប៉ុង តែ ១គីឡូក្រាម ធូប ១ដុំធំ ទឹកសុទ្ធ ៤កេស ទឹក្រូច ៦ដប ។