វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខេត្តកំពង់ធំ អាណត្តិទី៣ ឆ្នាំ២០១៩ គោលដៅទី៧ ស្រុកសន្ទុក

40

នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលាស្រុកសន្ទុក រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់​ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ គោលដៅទី៧ នៃស្រុកសន្ទុក ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុក ហៃ អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្ត ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។

វេទិកានេះផ្តោតសំខាន់ទៅលើ៖
១-សេចក្តីពន្យល់សង្ខេបអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត
២-របាយការណ៍សង្ខេប ស្ដីពីទិដ្ឋភាពរួមនៃស្ថានភាពអភិវឌ្ឍន៍ភាពជោគជ័យ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល ៩ខែ ឆ្នាំ២០១៩
៣-ការបង្ហាញសង្ខេបអំពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤-ការបង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ធំ
៥-ដំណើរការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ៖
៙បញ្ហាបរិស្ថាន ដីធ្លី និងធនធានធម្មជាតិ
៙ជម្រុញការអនុវត្ត គោលនយោបាយភូមិ ឃឃុំមានសុវត្ថិភាព
៙ការងារលោកកម្ពស់វិស័យអប់រំ និងសុខាភិបាល
៙ជម្រុញការផ្តល់សេវាសាធារណៈ
៦-បូកសរុបលទ្ធផលវេទិកា។ ម្យ៉ាងវិញទៀត ក៏បានផ្ដល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ក្នុងស្រុកសន្ទុក ចូលរួមបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដែលកើតមានកន្លងមក។

ក្នុងអង្គវេទិកានេះ សមាជិក សមាជិកានៃអង្គវេទិកាបានលើកឡើងនូវ ពីបញ្ហាដីធ្លី , ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ គ្រឿងញៀន មណ្ឌលសុខភាព ការស្តារប្រឡាយចាស់ បញ្ហាបរិស្ថាន បទល្មើសនេសាទ អត្រានុកូលដ្ឋាន សណ្តាប់ធ្នាប់សាធារណៈ និង អគ្គិសនី ។

ទន្ទឹមនឹងនោះ វាគ្មិនតំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត បានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ និងសំណូមពរ ទាំង ៣៨ ជូនបងប្អូនប្រជាពលរដ្ឋ។ ហើយ សំណួរនិងសំណូមពរដែលនៅសល់ ក្រុមប្រឹក្សាខេត្តបានរក្សាទុកសំណួរ និង កង្វល់ របស់បងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់អាចធ្វើការបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយល័ក្ខអក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈ មេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕