វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី២ ប្រចាំឆ្នាំ២០១៧ នៅស្រុកស្ទោង

147

ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីក្រោមឱវាទ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី២ ប្រចាំឆ្នាំ២០១៧ នៅស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រមាណ២៣០នាក់។

ឯកឧត្តម ហួន វ៉ាន់និត មានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មានគោលបំណងចង់ឲ្យប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហា ឬអំពើអយុត្តិធម៌ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ដែលនៅមានការខ្វះចន្លោះ និងបញ្ចេញមតិយោបល់ ការកង្វល់របស់ពួកគាត់ ដើម្បីឲ្យអាជ្ញាធរបានជួយដោះស្រាយបញ្ហាមួយចំនួន និងបញ្ហាសេសសល់ទុកដោះស្រាយពេលក្រោយ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ការដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ នឹងត្រូវធ្វើឡើងជាតំណាក់កាលៗ នៅក្នុងខណៈនោះដែរឯកឧត្តម បានមានមតិផ្តាំផ្ញើដល់អង្គពិធី បន្តធ្វើការផ្សព្វផ្សាយពីបញ្ហាផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងបន្តអប់រំដល់កូនចៅដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

ឯកឧត្តម ដៀប ពីរី មានប្រសាសន៍លើកឡើងថា ក្រោយពីទទួលបានសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈប្រអប់សំបុត្ររួចមកឯកឧត្តម បានឲ្យមន្ត្រីជំនាញតាមមន្ទីរអង្គភាពពាក់ព័ន្ធធ្វើការដោះស្រាយ និងបំភ្លឺបញ្ហាមួយចំនួន និងបញ្ហាដែលនៅសេសសល់នឹងយកទៅពិភាក្សាដោះស្រាយជាមួយជំនាញពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើដល់ប្រធានមន្ទីរអង្គភាព និងមន្ត្រីទំាងអស់ ត្រូវខិតខំផ្តល់នូវសេវាសាធារណៈជូនដល់អ្នកប្រើប្រាស់សេវាឲ្យកាន់តែប្រសើរឡើង និងទាន់ពេលវេលារាល់បញ្ហាអទិភាព ព្រមទាំងធ្វើការពិចារណាដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍ និងកម្មវិធីនិយោគរបស់រដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានគាំទ្រយ៉ាងពេញទំហឹង និងជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តជួយដោះស្រាយបញ្ហារបស់ពួកគាត់ឲ្យបានឆាប់រហ័ស ទោះបីពួកគាត់ប្រឈម និងការលំបាកមួយចំនួនក៏ដោយ៕