វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅស្រុកសន្ទុក

119

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅស្រុកសន្ទុក ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ គឺជាការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសន្ទុក ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំនួរ សំណូមពរ ឬមតិយោបល់ផ្ទាល់ខ្លួនអំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍខេត្តកំពង់ធំ ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ។ ជាពិសេស សូមលោកអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបាល្អ ត្រូវខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ដោយមិនមានការប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

បន្ទាប់មកប្រជាពលរដ្ឋក្នុងអង្គប្រជុំ បានលើកជាសំនួរ និងសំណូមពរ ជាច្រើន ដើម្បីឲ្យក្រុមការងារ ធ្វើការឆ្លើយសំនួរ និងដោះស្រាយបញ្ហាដែលពួកគាត់បានជួបប្រទះ ក្នុងនោះក្រុមការងារតាមជំនាញនីមួយៗ បានធ្វើការឆ្លើយបំភ្លឺបញ្ហាមួយចំនួន ដូចជា បញ្ហាសេវាសាធារណៈ(សេវាតម្រូវការ) បញ្ហាគ្រប់គ្រងធនធានធម្មជាតិ (ដីធ្លី ព្រៃឈើ និងជលផល) បញ្ហាការបង្កើតមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព បឹងល្វា និងឃុំក្រយា) និងបញ្ហាអគ្គីសនី (កុងទ័រដើរលឿន និងដាច់ភ្លើងញឹកញាប់)។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សូមមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកលើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក ម្យ៉ាងវិញទៀត ការដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងនោះអាជ្ញាធរស្រុក ត្រូវចុះតាមមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយពីការកែសម្រួលសំបុត្របញ្ជាក់កំណើត ទៅតាមលក្ខខណ្ឌរបស់ក្រសួងមហាផ្ទៃ ក្នុងន័យចូលរួមគោរពច្បាប់ និងរក្សានូវសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមបន្ថែមទៀតថា បច្ចុប្បន្ននេះ បញ្ហាអគ្គិសនី មានការដាច់ចរន្តញឹកញ៉ាប់ គឺដោយសារប្រភពថាមពល និងកន្លែងផ្គត់ផ្គង់អគ្គិសនីរបស់ខេត្តកំពង់ធំ មានការតភ្ជាប់បណ្តាញចង្ងាយឆ្ងាយពីតំបន់ផ្សេងៗ។ រីឯសំណូមពរការបង្កើតមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព (ឃុំបឹងល្វា និងឃុំក្រយា) ក្រុមការងារមិនអាចសម្រេចនៅពេលនេះបានទេ នឹងលើកយកទៅដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការពិភាក្សា និងស្វែងរកដំណោះស្រាយអំពីសំណូមពរនេះបន្តទៀត៕