សត្វចិញ្ចឹមប្រមាណ២៥០ក្បាល របស់ប្រជាពលរដ្ឋឃុំបារាយណ៍ ស្រុកបារាយណ៍ ទទួលបានវ៉ាក់សាំងការពារជំងឺដោយឥតគិតថ្លៃ ពីមន្ទីរកសិកម្មខេត្ត

143

សត្វគោក្របី ចំនួន ២៥០ក្បាល ក្នុងនោះក្របី ចំនួន ១០០ក្បាល របស់ប្រជាពលរដ្ឋ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានដឹកមកចាក់វ៉ាក់សាំងសារទឹក ដោយឥតគិតថ្លៃ ដើម្បីបង្ការជំងឺរាតត្បាតផ្សេងៗក្នុងរដូវវស្សា។ ដោយយល់ឃើញថា សត្វសត្វពាហនៈ គឺជាកម្លាំងអូសទាញ ដ៏មានសារសំខាន់របស់បងប្អូនប្រជាកសិករ ទើបមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំយុទ្ធនាការនេះឡើង។

 

 

 

 

 

 

 

 

 

យុទ្ធនាការខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវត្តចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលមានការចូលរួមពីលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមបសុពេទ្យនៃមន្ទីរកសិកម្មខេត្ត អាជ្ញាធរ ស្រុក ឃុំ ភូមិ ភ្នាក់ងារពេទ្យសត្វភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តម សុខ លូ បានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឱ្យចេះថែរក្សាការពារសត្វគោ ក្របី ជ្រូក មាន់ ទា របស់ខ្លួន ដោយរាយការណ៍ជាបន្ទាន់ ដល់ភ្នាក់ងារពេទ្យសត្វភូមិ ប្រសិនបើមានជំងឺផ្សេងៗកើតមាន ចៀសវាងបង្កឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។ ឯកឧត្តមបន្ថែមទៀតថា យុទ្ធនាការនេះ គឺជាលើកទី៤ហើយ នៅស្រុកបារាយណ៍ ហើយក្រុមការងារនឹងបន្តធ្វើសកម្មភាពនេះនៅគ្រប់ ក្រុង ស្រុក បន្ថែមទៀត មុនរដូវទឹកជំនន់ចូលមកដល់នាពេលខាងមុខនេះ។

 

 

 

 

 

ឯកឧត្តម សុខ លូ បានលើកឡើងថា សព្វថ្ងៃនេះយើងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម គ្រប់ទីកន្លែង ប្រទេសជាតិមានការីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស។ ជាមួយគ្នានោះ ឯកឧត្តម បានជំរុញឲ្យ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួន ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំណា ដែលបងប្អូនពេញចិត្ត សម្រាប់ដឹកនាំប្រទេសជាតិបន្តទៀត។

 

 

 

 

 

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋដែលជាម្ចាស់គោក្របីទាំង ២៥០ក្បាល បានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង ខណៈពេលដែលមានការយកចិត្តទុកដាក់ពីថ្នាក់ក្រសួង ខេត្ត និងមន្ទីរ បានចុះចាក់វ៉ាក់សាំងសារទឹក ការពារជំងឺឆ្លង ដល់សត្វគោក្របីរបស់ពួកគាត់៕