សន្និបាតកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អាណត្តិទី៥

133

យោងតាមលក្ខន្តិកៈ និងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជា ក្នុងផ្នែកទី ៦ វិធានទី ៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា ២៤ កថាខណ្ឌទី ៣ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ខែសីហា ឆ្នាំ២០១៩ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានប្រារព្ធសាខា អាណត្តិទី៥ (២០១៩-២០២៥)។ ពិធីនេះធ្វើ​ឡើងក្នុងបរិវេណសាលប្រជុំសាលាខេត្តកំពង់ធំ។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៤ និងជាប្រធានអង្គសន្និបាត ព្រមទាំង គណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទ​ក្រហម​កម្ពុជា សរុបចំនួន ២៨២ នាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំង ឯកឧត្តម ឈុន ឈន់ ជាប្រធានកិត្តិយសសាខា និងអនុប្រធាន​កិត្តិយសសាខា សរុបចំនួន ៦៨រូប។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១- ស្តាប់ និងកែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិ​ទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២- បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥
៣- ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា

ក្នុងឱកាសសន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៥ ដែល​មាន​សមាសភាព ១៥រូប។ ក្នុងនោះអង្គសន្និបាតអាណត្តិទី៥ បានបោះឆ្នោតជ្រើសរើស ឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា លោកជំទាវ លំ គន្ធារី និងលោក កើត រ័ត្ន ជាអនុប្រធាន​គណៈកម្មាធិការ​សាខា ឯកឧត្តម គឹម លាងសេង ហេរញ្ញិកគណៈកម្មាធិការសាខា និង ឯកឧត្តម ជា វាន់ចាន់ ជាលេខាធិការ​គណៈកម្មាធិការសាខា។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អាណត្តិទី៥ ឯកឧត្តម សុខ លូ បានធ្វើ​ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំគឺ ៖
– កាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ -ភាពមនុស្សធម៌ -ភាពមិនលំអៀង -អព្យាក្រឹតភាព -ឯករាជភាព -សេវាកម្មស្ម័គ្រចិត្ត -ឯកភាព និងសកលភាព។
~ យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ច​មនុស្ស​ធម៌​បានជោគជ័យ។
~ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និង​ឯកភាព​រួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារីទទួលខុសត្រូវខ្ពស់។
– ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យ​បាន​ល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
~ យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំ​សុខភាព​សហគមន៍។
– យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុង​ការងារ​មនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម។