សន្និបាតប្រចាំឆ្នាំលើកទី១ សមាគមកែលម្អជីវភាពកសិករ របស់គម្រោង TSSD ខេត្តកំពង់ធំ

183

នៅព្រឹកថ្ងៃទីអង្គារ ៩រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធី បើក និងបិទសន្និបាទប្រចាំឆ្នាំលើកទី១ សមាគមកែលម្អជីវភាពកសិករ ក្នុងក្របខ័ណ្ឌគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ក្រោមអធិបតីភាព ឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត លោក ណុប ណូវ តំណាងឯកឧត្តមនាយកគម្រោង នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងលោកស្រី រិត សុផាត ប្រធានសមាគមកែលម្អជីវភាពកសិករ ។

លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានគម្រោងសម្របសម្រួល TSSD មានប្រសាសន៍លើកឡើងថា សន្និបាតប្រចាំឆ្នាំ២០១៧ របស់សមាគមកែលម្អជីវភាពកសិករ មានសមាជិកចូលរួមតំណាងក្រុមកែលម្អជីវភាពតាមឃុំសង្កាត់ ចំនួន ១៩៦ ឃុំសង្កាត់ ក្នុងខេត្តគោលដៅគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ក្នុងនោះមានខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានគំនិតផ្តួចផ្តើម និងចូលរួមគ្នាបង្កើតជាសមាគមនេះដោយស្ម័គ្រចិត្ត។

លោកស្រី រិត សុផាត បានបូកសរុបលទ្ធផលសន្និបាតរយៈពេល ១ថ្ងៃនេះ យើងទទួលបាន គោលបំណងនៃការបង្កើតសមាគម អត្តសញ្ញាណរបស់សមាគម សមាជិកភាពរបស់សមាគម ប្រភពធនធាននៃសមាគម រចនាសម្ព័ន្ធនៃការគ្រប់គ្រងរបស់សមាគម និងនីតិវិធីក្នុងការដោះស្រាយវិវាទ កិច្ចពិភាក្សា និងអនុម័តបទបញ្ជាផ្ទៃក្នុងសមាគម នីតិវិធីនៃការលាឈប់របស់សមាគម និងការបណ្តេញចេញពីសមាគម ការបង់សេវាគំាទ្រប្រតិបត្តិក្រុម តំណាងសមាគមបង្ហាញ ពីផែនការអនុវត្តឆ្នាំ២០១៨ ផែនការថវិកាសម្រាប់អនុវត្តឆ្នាំ២០១៨ ស្ថានភាពសមាគមជីវភាពកសិករឆ្នាំ គិតត្រឹមខែវិច្ឆិកា ស្មើនឹង ៨.៨២៤.៧៦៦ដុល្លារអាមេរិក។

ឯកឧត្តម ងួន សុជាតិ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា រួមមានធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម និងរាជរដ្ឋាភិបាលប្រទេសហ្វាំងឡង់ ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញបទានកម្ចីដ៏ធំធេងតាមរយៈគម្រោង TSSD ដើម្បីបង្កើតសហគមកែលម្អជីវភាពកសិករ រហូតដល់ទទួលបានជោគជ័យ និងមានការរីកចម្រើន តំាងពីនៅតាមភូមិ-ឃុំសង្កាត់ ដែលបានបម្រើឲ្យផលប្រយោជន៍សមាជិកក្រុមកែលម្អជីវភាព ក្នុងតំបន់គោលដៅអនុវត្តន៍គម្រោង ការបង្កើតប្រាក់ចំណូល និងលើកម្ពស់ជីវភាពរស់នៅ របស់សមាជិកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ឯកឧត្តមបន្ថែមទៀតថា សន្និបាតនេះ អាចឲ្យតំណាងសមាជិកដែលមកពីតាម បណ្តាឃុំគោលដៅទាំងអស់បានយល់ដឹងបន្ថែមទៀតអំពី ១). ដំណើរការបង្កើតសមាគម និងការពង្រឹងសមត្ថភាពក្រុមប្រឹក្សាភិបាលសមាគម ២). លក្ខន្តិកៈសមាគម និងសេចក្តីប្រកាសទទួលស្គាល់សមាគមពីក្រសួងមហាផ្ទៃ៣). បានពិនិត្យ កែសម្រួល និងអនុម័តបទបញ្ជាផ្ទៃក្នុងសមាគមកែលម្អជីវភាពកសិករ ៤). ស្ថានភាពទុនបង្វិល និងហិរញ្ញវត្ថុរបស់ក្រុម/សមាគម និង ៥). បានពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ២០១៨ របស់សមាគម។ ម្យ៉ាងវិញទៀត សមាគមយើងដំណើរការទៅដោយប្រសិទ្ធភាព និងទទួលបានជោគជ័យនោះ យើងត្រូវមានការសហការគាំទ្រពីអ្នកពាក់ព័ន្ធដល់សមាគមដែលទើបតែបង្កើតថ្មីនេះ ក្រុមការងារគម្រោងថ្នាក់ជាតិ ក៏ដូចជាក្រុមសេវាករទី២ ត្រូវពង្រឹងសតម្ថភាពដល់ក្រុមប្រឹក្សាភិបាល របស់សមាគមលើការគ្រប់គ្រង ការដឹកនាំ និងចាត់ចែងទំាងធនធានមនុស្ស និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា៖ សមាគមកែលម្អជីវភាពកសិករត្រូវបានទទួលស្គាល់ ពីក្រសួងមហាផ្ទៃ ដោយលិខិតប្រកាសលេខៈ ៥០៤០ប្រក របស់ក្រសួងស្តីពីការចុះឈ្មោះក្នុងបញ្ជី ចុះថ្ងៃទី ១៩ តុលា ២០១៧។