សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញរៀបចំពិធីបួងសួង និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក នៅខេត្តកំពង់ធំ

170

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញរៀបចំពិធីរំលឹកគុណបុព្វបុរសខ្មែរ បួងសួងសុំសេចក្តីសុខដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋខ្មែរទាំងអស់ និងការអបអរសាទរនៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ។

កាលពីម្សិលមិញថ្ងៃទី០៦ ខែសីហា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានអញ្ជើញអុជអូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដកំពង់ធំ។ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអុជធូប នៅប្រាសាទជ្រៃ អាស្រមឥសី ប្រាសាទសំបូរ ប្រាសាទតោ និងប្រាសាទយាយព័ន្ធ ដើម្បីរំលឹកគុណបុព្វបុរសខ្មែរ បួងសួងសុំសេចក្តីសុខដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋខ្មែរទាំងអស់ និងការអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌ ពិភពលោកនេះ។

សូមបញ្ជាក់ថា ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈ។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណ ២៩៣ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។ តំបន់ប្រាសាទក្នុងរាជធានីមានបណ្ដោយ៦គីឡូម៉ែត្រ ទទឹង៤គីឡូម៉ែត្រ និងតំបន់ជុំវិញទៀត ពោលគឺមានវិសាលភាព ធំធេងណាស់។

ក្នុងរាជធានីនាសម័យនោះ មានប្រជារាស្រ្តរស់នៅជាច្រើនលាននាក់ និងមានប្រជារាស្រ្តរស់នៅ ក្រៅរាជធានីទៀត ដោយពួកគេបានជីកព្រែកមួយ ដើម្បីបញ្ជៀសទឹកជំនន់កុំឲ្យជន់លិចរាជធានី ក្នុងរាជធានីមានស្រះទឹកតូចធំសម្រាប់ ប្រើប្រាស់រួមគ្នា។ សម័យក្រោយបន្តិច ក៏មានផ្លូវបុរាណមួយដែលតភ្ជាប់ពីតំបន់ប្រាសាទព្រៃគុក ទៅតំបន់អង្គរវត្ត រាជធានីដ៏ធំរបស់ខ្មែរ ក្រោយសម័យចេនឡា។ ក្រៅពីនេះមានការងារជាច្រើនទៀត ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវ និងបន្តស្រាវជ្រាវ និងអភិរក្សផងដែរ។

ក្រោយពេលទទួលបានឯករាជ្យពីអាណាចក្រភ្នំ ព្រះបាទភវវរ្ម័នទី១ ដែលព្រះបិតុលា របស់ព្រះបាទឥសានវរ្ម័នទី១ និងព្រះបាទមហិន្ទ្រវរ្ម័នទី១ ដែលជាព្រះបិតារបស់ព្រះបាទឥសានវរ្ម័នទី១ បានតាំងរាជធានីថ្មីនៅសេដ្ឋបុរៈ គឺមានទីតាំងនៅតាមបណ្ដោយ ដងទន្លេមេគង្គ ប៉ុន្តែព្រះបាទឥសានវរ្ម័នទី២ ក្រោយស្នងរាជ្យបន្តពីព្រះបិតាហើយ ព្រះអង្គមិនបានសោយរាជ្រ នៅសេដ្ឋបុរៈឡើយ ដោយទ្រង់បានប្ដូររាជធានីមកឥសានបុរៈវិញ ដែលមានទីតាំងតាមបណ្ដោយដងស្ទឹងសែន តភ្ជាប់មកបឹងទន្លេសាប គឺតំបន់ប្រាសាទ សំបូរព្រៃគុកនេះឯង។

សម្រាប់ស្ថាបត្យកម្មនៃប្រាង្គប្រាសាទសំបូរព្រៃគុក មានរូបរាង៣ប្រភេទ រួមមាន៖ រាងចតុកោណបួនជ្រុងស្មើចតុកោណ បួនជ្រុងទ្រវែង និងអដ្ឋកោណប្រាំបីជ្រុងស្មើ ដោយតួប្រាង្គប្រាសាទមួយចំនួន មានឆ្លាក់រូបប្រាសាទនិម្មិត មានក្បូរក្បាច់រចនាលម្អលើ ជញ្ជាំងប្រាសាទ និងផ្នែកផ្សេងៗ សម្រាប់បូជាចំពោះអាទិទេពហិណ្ឌូនិយម។

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩:៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Kraków ប្រទេសប៉ូឡូញ ហើយជាសម្បត្តិបេតិកភណ្ឌរូបីទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨)