សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយកាកបាទ​ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ​ងាយរង​គ្រោះ​​បំផុតក្រោយទឹកជំនន់ ចំនួន៦៩៤គ្រួសារ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

5

(រដ្ឋបាលខេត្តកំពង់ធំ) ៖ សម្ដេចកិត្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់​ឱ្យ​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការី​ បាននាំ​យក​​អំណោយ​កាកបាទក្រហមកម្ពុជានិងសប្បុរសជន យកមកចែកជូនបងប្អូនប្រជាពលរដ្ឋ​ងាយរង​គ្រោះ​បំផុត​ក្រោយ​​​​ទឹក​ជំនន់ចំនួន ៦៩៤គ្រួសារ រស់នៅ ក្នុងភូមិចំនួន៥ នៃឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

មានមតិស្វាគមន៍នាពេលនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ​យ៉ាងជ្រៀលជ្រៅ ដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែល ងាយ​រងគ្រោះ​​បំផុត​នៅក្នុងឃុំផាត់សណ្តាយយើងនេះ និងសូម​សម្តេចបន្តជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ​បន្ថែមទៀត ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរ​មូលដ្ឋាន អនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជាពិសេសជៀសវាងអំពើហិង្សាក្នុងគ្រួសារ គ្រឿងញៀន គ្រឿងស្រវឹង ដើម្បីភាពសុខសាន្តក្នុងក្រុមគ្រួសារ និងចូលរួមពង្រឹងសាមគ្គីភាពជាតិ និងរក្សា​សុខសន្តិភាព​ដែលមានឱ្យបានគង់វង្ស មានសន្តិភាពមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហម​កម្ពុជា បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយស កាកបាទ​ក្រហម​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរ សុខទុក្ខ​ប្រជាពលរដ្ឋទាំងអស់ដោយ មនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាព​រស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាច​ទប់ស្កាត់​បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេស​ត្រូវ​អនុវត្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី» ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាត​សុវត្ថិភាព​សង្គម គម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ការពារ រក្សាអនាម័យឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ អាល់កុល ។ ជាមួយគ្នានេះ សូមលើកទឹកចិត្តដល់ស្ត្រីដែល មានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុន ពេលសម្រាល និងទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដើម្បីការពារកុំឱ្យឆ្លងពីម្តាយទៅកូន និងត្រូវស្វែងរក​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យបង្អែកសម្រាលកូនឱ្យបានត្រឹមត្រូវ។

បន្ថែមលើនេះដែរ លោកជំទាវ បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគិតគូរថែទាំសុខភាព ឱ្យបានល្អ និងត្រូវរស់នៅដោយមានអនាម័យ ពិសាទឹកដាំឆ្អិនល្អ ប្រើប្រាស់ទឹកស្អាត ដើម្បីជៀស​ផុត​ពីជំងឺ​ផ្សេងៗ និងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ។

ក្នុងនោះដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម និងសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាកបាទ​ក្រហម​កម្ពុជា បានរៀបចំពិធីចែកចាយនៅទីតាំងចំនួន២ផ្សេងគ្នាគឺ ៖ទីតាំងទី១ ស្ថិតនៅក្នុងបរិវេណវត្តកំពង់ចម្លង សម្រាប់ប្រជាពលរដ្ឋ ចំនួន ១៧៨គ្រួសារ រស់នៅក្នុងភូមិទួលនាងសាវ នៃឃុំផាត់ សណ្តាយ និងទីតាំងទី២ ស្ថិតនៅក្នុងសាលាបឋមសិក្សាផាត់ សណ្តាយ សម្រាប់ប្រជាពលរដ្ឋ ៥១៦គ្រួសារ រស់នៅភូមិ ទួលនាងសាវ កំពង់ចម្លង ផាត់សណ្តាយ កោះតាពៅ នៃឃុំផាត់សណ្តាយ។

សូមបញ្ជាក់ថា អំណោយអង្ករដែលទទួលពីក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអំបិលពីក្រុមហ៊ុនសុវណ្ណគិរី ផ្តល់ជូនដល់ក្រុមគ្រួសាររងគ្រោះនីមួយៗ ៖ អង្ករ ២៥គីឡូក្រាម, អំបិល ២គីឡូក្រាម និងអំណោយ​កាកបាទ​ក្រហម​កម្ពុជារួមមាន មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ៕