សម្បទាននិកចំនួន៥៥៩គ្រួសារនៅស្រុកប្រាសាទបល្ល័ង្ក ទទួលបានគ្រាប់ពូជ​សណ្ដែកបាយ១១,០៥០គក និងពូជកូនស្វាយចន្ទី៨៩,៧០០ដើម ពីគម្រោង LASED II

72

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីចែកគ្រាប់ពូជសណ្ដែកបាយ និងពូជកូនស្វាយចន្ទី របស់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបាន​ហិរញ្ញប្បទាន​សម្បទានពីធនាគារពិភពលោក តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងការបែងចែកដីដល់គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួច នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងវត្តក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ដីសម្បទានសង្គមកិច្ចដែលគម្រោង LASED II ចែកជូនបងប្អូននៅពេលនេះ គឺជាដីរបស់រដ្ឋ មិនមែនជាដីកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទេ ដូច្នេះសូមបងប្អូនដែលទទួល​បានដីនេះ កុំមានការភ័យខ្លាចឲ្យសោះ ត្រូវចូលទៅអាស្រ័យផល ត្រូវខិតខំបង្ករបង្កើនផល ហើយយកគ្រាប់ពូជ និងពូជកូនឈើ ដែលគម្រោង បានចែកលើកមុនៗ និងលើកនេះ ទៅដាំលើដីដែលជាកម្មសិទ្ធិរបស់បងប្អូន ឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវជឿលើការញុះញ៉ុងរបស់​បុគ្គល​អគតិមួយចំនួនតូចនោះទេ។

លោក យ៉ូវ សេងគុណ ប្រធានគ្រប់គ្រងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)បានធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍ពីលទ្ធផលនែការអនុវត្តការងារកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយ​នានា ដែលក្រុមការងារគម្រោងបានខិតខំអនុវត្តរហូតបានជាផ្លែផ្កា នាពេលនេះ។ បន្ទាប់មក ឯកឧត្តម សុខ លូ បានថ្លែងបន្តថា បងប្អូនសម្បទានិកទាំងអស់ ទទួលបាន រួចហើយ ដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដែលមួយ​គ្រួសារ​ទទួល​បានដីឡូតិ៍លំនៅឋានទំហំ ៣០ម៉ែត្រx៤០ម៉ែត្រ និងដីឡូតិ៍កសិកម្មទំហំ ២ហិកតា។ កន្លងមកគម្រោង​បានចែកសម្ភារៈ និងគ្រាប់ពូជជាច្រើនដង ដល់បងប្អូនរួចមកហើយ រួមមានសម្ភារៈកសិកម្ម ៨មុខមាន ចបកាប់ ចបជីក កាំបិតផ្គាក់មានដងឈើ ធុងស្រោចដំណាំ ពូថៅ ប៉ែល រណាអាឈើ ត្រសេះ ហើយមានគ្រាប់ពូជបន្លែចំនួន៦មុខ មាន គ្រាប់សណ្ដែកទ្រើង គ្រាប់ត្រប់វែង គ្រាប់ត្រសក់ គ្រាប់ត្រកួន គ្រាប់ត្រឡាច និងគ្រាប់ននោង និងកូនឈើហូបផ្លែចំនួន៥មុខបន្ថែមទៀតរួមមាន កូនស្វាយកែវល្មៀត កូនដូង កូនទៀបស្វិត កូនខ្នុរ និងកូនក្រូចឆ្មារ។ ក្រៅពីនេះ គម្រោងបានផ្តល់សម្ភារៈសម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសីចំនួន អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក អង្ករ និងភ្ជួរដីកសិកម្មជូនដល់បងប្អូនសម្បទានិកទៀតផង។ សម្រាប់ថ្ងៃនេះ បងប្អូនទាំងអស់នឹងទទួលបាន បន្ថែមទៀតរួមមាន គ្រាប់ពូជសណ្ដែកបាយ ចំនួន១១,០៥០គក ដែលមួយគ្រួសារ​ទទួលបាន១៧គក និង ពូជកូនស្វាយចន្ទី ចំនួន៨៩,៧០០ដើម ដែលមួយគ្រួសារទទួលបាន១៣៨ដើម។ នៅពេលខាងមុខនេះ គម្រោងនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុស្ដិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព។ល។ និងផ្តល់នូវបច្ចេកទេស​ធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម និងការផ្តល់ទុនបង្វិលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ។

ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវខិតខំយកគ្រាប់ពូជ និងកូនឈើដែល ទទួលបានក្នុង ពេល នេះ និងលើកមុនៗយកទៅដាំដុះ ថែទាំ ហើយត្រូវខិតខំជួយខ្លួនឯង កុំរំពឹងជំនួយ ពីក្រៅពេក ព្រោះគម្រោង មិនអាចជួយបងប្អូន​បានរហូតនោះទេ។ បងប្អូនត្រូវរស់នៅលើដីនេះ ហើយថែរក្សាដីទាំងនេះ ទុកដូចជាអាយុជីវិត របស់បងប្អូន កុំលក់ដីនេះឱ្យសោះ ទុកជាកេរ្ដិ៍សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត៕