សម្បទាននិកប្រមាណជាង៥០០គ្រួសារនៅស្រុកប្រាសាទបល្ល័ង្ក ទទួលបានសម្ភារៈកសិកម្ម គ្រាប់ពូជដំណាំ និងកូនឈើហូបផ្លែ ពីគម្រោង LASED II

128

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីចែកសម្ភារៈកសិកម្ម គ្រាប់ពូជដំណាំ និងកូនឈើហូបផ្លែ របស់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងការបែងចែក ដីដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួច នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ដីសម្បទានសង្គមកិច្ចដែលគម្រោង LASED II ចែកជូនបងប្អូននៅពេលនេះ គឺជាដីរបស់រដ្ឋ មិនមែនជាដីកម្មសិទ្ធរបស់បុគ្គលណាម្នាក់ទេ ដូច្នេះ សូមបងប្អូនដែលទទួលបានដីនេះ កុំមានការភ័យខ្លាចឲ្យសោះ ត្រូវចូលទៅអាស្រ័យផល ត្រូវខិតខំបង្ករបង្កើនផល ហើយយកគ្រាប់ពូជដំណាំ និងកូនឈើហូបផ្លែ ដែលបានផ្តល់ជូននាពេលនេះ ទៅដាំលើដីដែលជាកម្មសិទ្ធិរបស់បងប្អូន ឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវជឿលើការ​ញុះញ៉ុងរបស់​បុគ្គលអគតិមួយចំនួនតូចនោះទេ។

លោក យ៉ូវ សេងគុណ ប្រធានគ្រប់គ្រងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)បានធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍ពីលទ្ធផលនែការអនុវត្តការងារកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយ​នានា ដែលក្រុមការងារគម្រោងបានខិតខំអនុវត្តរហូតបានជាផ្លែផ្កា នាពេលនេះ។ បន្ទាប់មក ឯកឧត្តម សុខ លូ បានថ្លែងបន្តថា សម្បទានិកដែលនឹងចូលទៅរស់នៅលើដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលនៅពេលនេះ ក្នុងមួយ​គ្រួសារ​ទទួលបាន​ដីឡូតិ៍លំនៅឋានទំហំ ៣០ម៉ែត្រx៤០ម៉ែត្រ និងដីឡូតិ៍កសិកម្មទំហំ ២ហិកតា។ សម្ភារៈកសិកម្ម ៨មុខ រួមមាន ចបកាប់១ ចបជីក១ កាំបិតផ្គាក់មានដងឈើ១ ធុងស្រោចដំណាំ១គូរ ពូថៅ១ ប៉ែល១ រណាអាឈើ១ ត្រសេះ១។ ក្រៅពីនេះមានគ្រាប់ពូជបន្លែចំនួន៦មុខ រួមមាន គ្រាប់សណ្ដែកទ្រើង គ្រាប់ត្រប់វែង គ្រាប់ត្រសក់ គ្រាប់ត្រកួន គ្រាប់ត្រឡាច និងគ្រាប់ននោង និងកូនឈើហូបផ្លែចំនួន៥មុខបន្ថែមទៀតរួមមាន កូនស្វាយកែវល្មៀត កូនដូង កូនទៀបស្វិត កូនខ្នុរ និងងកូនក្រូចឆ្មារ។ ក្នុងនោះដែរគម្រោងក៏បន្តផ្តល់នូវសម្ភារៈសម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសីចំនួន ៤០សន្លឹក អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក អង្ករចំនួន២០០គីឡូក្រាម និងភ្ជួរដីកសិកម្មជូន។ លើសពីនេះទៀត គម្រោងក៏នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុស្ដិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព។ល។ និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម និងការផ្តល់ទុនបង្វិលសម្រាប់អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍ផងដែរ។

ឯកឧត្តមបានបញ្ជាក់ច្បាស់ថា បងប្អូនត្រូវរស់នៅលើដីនេះក្នុងរយៈពេល៥ឆ្នាំ ទើបប្រគល់ប្លង់រឹងជូន ហើយសូមពុកម៉ែបងប្អូន​ទាំងអស់ សូមមេត្តាកុំលក់ដីនេះឱ្យសោះ ទុកសម្រាប់​កូនចៅជំនាន់ក្រោយបន្តទៀត។ ឯកឧត្តមក៏បានអំពាវនាវ​ដល់បងប្អូនទាំងអស់ ត្រូវខិតខំរក្សានូវសុខភាពឲ្យបានល្អ គេងក្នុងមុងជានិច្ច និងដាក់អាបែតក្នុងពាងទឹក អាងទឹក និងលុបបំបាត់ជម្រកមូសខ្លា ទីកន្លែងណាដែលអាចដក់ទឹកបាន ដើម្បីរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈាម​មិនមែនមានតែកូនក្មេងទេ មនុស្សចាស់ក៏មានកើតជំងឺគ្រុនឈាមដែរ។ ម្យ៉ាងវិញទៀត សូមបងប្អូនចូលរួមគោរព​ច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវ​ពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវនៅឲ្យឆ្ងាយពី​គ្រឿងញៀនទាំងអស់គ្នា៕