សម្បទានិកប្រមាណជិត ៦០០គ្រួសារ ទទួលបានផ្ទាំងសូឡា ពីគម្រោង LASED II នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក

38

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឧបករណ៍អគ្គីសនីដើរដោយព្រះអាទិត្យ (សូឡា) របស់គម្រោងបែងចែកដីដើម្បី សង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ត្រូវបានចែកជូនសម្បទានិកចំនួន ៥៥៩ គ្រួសារ ស្ថិត​នៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ។ ពីធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងមន្ទីរវិស័យពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានលើកទឹកចិត្ត និងជំរុញឱ្យសម្បទានិករបស់គម្រោង LASED II សូមត្រៀមលក្ខណៈបង្កបង្កើនផលលើដីកសិកម្មដែលរាជរដ្ឋាភិបាលបានចែកជូន និងចូលទៅរស់នៅឱ្យ​បាន​គ្រប់ៗ​គ្រួសារ ព្រោះរដូវវស្សានឹងឈានចូលមកដល់នៅពេលខាងមុខនេះ ព្រមទាំងផ្តាំផ្ញើដល់សម្បទានិក​ទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសត្រូវការពារខ្លួនពីជំងឺកូវីដ១៩ កុំមានការធ្វេសប្រហែស​ឲ្យសោះ បើទោះជាបច្ចុប្បន្ន ខេត្តកំពង់ធំ មិនទាន់មានអ្នកផ្ទុកជំងឺនេះក៏ដោយ យើងមិនត្រូវភ្លេចខ្លួននោះទេ និងត្រូវរក្សាអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមក​ស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការ​ឆ្លងរីករាលដាល​នៃ​មេរោគ​កូវីដ១៩ នៅក្នុងសហគមន៍។

ឯកឧត្តម បន្តទៀតថា ផ្ទាំងសូឡា ដែលបានចែកជូនសម្បទានិកទាំង ៥៥៩គ្រួសារនេះ អាចប្រើប្រាស់​បាន​ច្រើនយ៉ាង ដូចជា សាកថ្ម បំភ្លឺ និងអ្វីផ្សេងទៀត តាមតម្រូវការ ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម សុខ លូ និងក្រុមការងារ​បានបន្តដំណើរ​ចុះពិនិត្យ​មើលការអភិវឌ្ឍហេដ្​ឋារចនាសម្ព័ន្ធ ផ្លូវលំ សាលារៀន មណ្ឌលសុខភាព ផ្សារ នឹងផ្ទះប្រជាពលរដ្ឋ ដែលកំពុងបន្តសាងសង់ និងការរស់នៅរបស់សម្បទានិកនៅលើទីតាំងដីសម្បទានសង្គមកិច្ចផ្ទាល់ទៀតផង។

គួររំលឹកថា ដើម្បីគាំទ្រដល់កិច្ចដំណើរការចូលសង់ជម្រកស្នាក់នៅ និងបង្កបង្កើនផល គម្រោងបានផ្តល់​ជូនសម្បទានិកក្នុងមួយគ្រួសារនូវ

  1. កញ្ចប់សាងសង់ជម្រករួមមានស័ង្កសីចំនួន ៤០ សន្លឹក
  2. កញ្ចប់គាំទ្រកសិកម្មរួមមានកូនស្វាយចន្ទីចំនួន ១៣០ ដើម ដំណាំគម្របដី (គ្រាប់សណ្តែកខៀវ) ចំនួន ២០ គីឡូក្រាម កូនឈើហូបផ្លែចំនួន ៥ មុខ ស្មើនឹង ៥០ ដើម គ្រាប់ពូជបន្លែចំនួន ៦ មុខ និងសម្ភារៈ​កសិកម្ម​ចំនួន ៨ ប្រភេទ
  3. កញ្ចប់លំនៅឋាន រួមមានអង្ករចំនួន ២០០ គីឡូក្រាម មុងចំនួន ១ កន្ទេលចំនួន ១ តង់ប្លាស្ទិកចំនួន ១ ធុងចម្រោះទឹកចំនួន ១ និងធុងស្តុកទឹកចំណុះ២០០លីត្រ ចំនួន១ រួចមកហើយ។