សម្បទានិក៥៥៧គ្រួសារនៅស្រុកប្រាសាទបល្ល័ង្គ ទទួលបានសង្ក័សីចំនួន ៤០សន្លឹក និងអង្ករចំនួន២០០គីឡូក្រាមក្នុង១គ្រួសារ ពីគម្រោង LASED II

58

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីចែកសង្ក័សី និងអង្ករ របស់គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍​សេដ្ឋកិច្ចជំហាន២ (LASED II) ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងទទួល​បាន​ហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងការបែងចែកដី​ដល់​គ្រួសារប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬពលរដ្ឋដែលមានដីតិចតួច នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណវត្តក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ស័ង្កសីដែលចែកជូនបងប្អូននៅពេលនេះគឺសម្រាប់យកទៅធ្វើលំនៅដ្ឋានស្នាក់នៅលើទីតាំងដីថ្មី ហើយអង្ករគឺ​សម្រាប់បងប្អូនយកទៅទុកហូប។ ឯកឧត្តមក៏បានបន្តទៀតថា ការផ្ដល់ជូននេះ​មិនមែន​បន្ត​រហូតនោះទេ បងប្អូន​ត្រូវខិតខំ​បន្ថែមដោយខ្លួនឯង គ្រាប់ពូជបន្លែ ដំណាំដែលគម្រោងបានផ្ដល់ជូនលើកមុន សូមយកទៅដាំហើយ​ខិតខំថែទាំឱ្យបានល្អ។ ក្រៅពីនេះ បងប្អូនត្រូវខិតខំចិញ្ចឹមមាន់ ទា ជ្រូក និងខិតខំប្រកបរបរផ្សេងៗបន្ថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសាររបស់បងប្អូនដោយខ្លួនឯង។

លោក យ៉ូវ សេងគុណ ប្រធានគ្រប់គ្រងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានធ្វើរបាយការណ៍ស្វាគមន៍ និងរាយការណ៍ពីលទ្ធផលនែការអនុវត្តការងារកន្លងមក បញ្ហា​ប្រឈម និងដំណោះស្រាយនានា ដែលក្រុមការងារគម្រោងបានខិតខំអនុវត្តរហូតបានជាផ្លែផ្កា នាពេលនេះ។ លោក យ៉ូវ សេងគុណ បានបន្ថែមថា បច្ចុប្បន្នគម្រោងបាននឹងកំពុងរៀបចំដេញថ្លៃសាងសង់​អាគារ​សហគមន៍ចំនួន១ខ្នង សាងសង់ប៉ុស្តិ៍សុខភាពចំនួន១ខ្នង សង់ផ្ទះសម្រាប់គ្រូបង្រៀននិងគិលានុបដ្ឋាយិកា១ខ្នង ជីកអណ្ដូងស្នប់៣៥ អណ្ដូង សាងសង់ផ្លូវដីសនិងដីក្រហមចំនួន ៥៧គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ​ទៀត។ បន្ទាប់មក ឯកឧត្តម សុខ លូ បានថ្លែងបន្តថា ការផ្ដល់ជូនពីមុន និងពេលនេះគឺមិនអាចបំពេញសេចក្​ដីត្រូវការរបស់បងប្អូន១០០%នោះទេប៉ុន្តែគម្រោងបានផ្ដល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កសាងជីវភាពរបស់​​បងប្អូន ពិសេសជួយគាំទ្រលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង ស្របតាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏​ឈ្លាសវៃ។

នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនសម្បទានិកទាំងអស់ ត្រូវចូលរួម​អនុវត្ត​តាមគោលការណ៍ណែនាំនានារបស់គម្រោង ត្រូវមានទំនុកចិត្តជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីគម្រោង ត្រូវប្រើប្រាស់ដីដែលគម្រោងបានចែកជូនឲ្យអស់លទ្ធភាព ហើយប្រសិនមានបញ្ហាអ្វីកើតឡើងសូមទាក់ទង និងសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់បងប្អូន៕