សម្បទានិក ចំនួន ៩១គ្រួសារ ត្រូវធ្វើការចាប់ឆ្នោតយកដីឡូតិ៍ ដីលំនៅឋាន និងដីកសិកម្ម លើកទី៣ ពីគម្រោង LASED II នៅស្រុកប្រាសាទបល្ល័ង្ក

48

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម សុខ លូ អភិបាល ខេត្តកំពង់ធំអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីចាប់ឆ្នោតយកដីឡូតិ៍ ដីលំនៅឋានមានទំហំ ៣០ x ៤០ម៉ែត្រ និងដីកសិកម្មទំហំ ២ហិកតា ពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន២ ( LASED II) ជូនសម្ប​ទានិក​ចំនួន ៩១គ្រួសារ ស្ថិតនៅ ក្នុងទីតាំងដីសង្គមកិច្ចសង្គមកិច្ច ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ឯកឧត្តមបន្ថែមទៀតថា បន្ទាប់ពីការចាប់ឆ្នោតនេះ សម្បទានិកនឹងចាប់ផ្តើមចូលតាំងទីលំនៅលើ ដីសម្បទាន​សង្គមកិច្ចនេះ សូមកុំមានការលក់ដូរឲ្យសោះ ដោយធ្វើការដាំដុះដំណាំផ្លែឈើហូបផ្លែ លើដីដែលខ្លួនទទួល បាន នឹងខិតខំបង្កបង្កើនផល ដើម្បីជួយលើកស្ទួយជីវភាពនិងក្រុមគ្រួសារអោយមានការរីកចម្រើន ។ លើសពី​នេះទៀត គម្រោងក៏មានផ្ដល់ជូននូវសម្ភារៈសម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសី អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករ គ្រាប់ពូជបន្លែ ដើមឈើហូបផ្លែ ព្រមទាំងគ្រាប់ពូជផ្សេងៗ កូនស្វាយចន្ធី និងភ្ជួរដីកសិកម្ម ព្រមទាំងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម។

ទន្ទឹមនឹងនោះ ឯកឧត្តមបានបញ្ជាក់ទៀតថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ ( LASED II)នេះ យើងបានធ្វើការអភិវឌ្ឍនៅនឹងទីតាំងក្នុងដីសម្បទានសង្គមកិច្ច រួមមាន:
– បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
– បានសាងសង់សាលារៀន ចំនួន ០២ខ្នង (១០បន្ទប់)
– បានឈូសឆាយសម្អាតដីសម្រាប់ដីលំនៅដ្ឋាន និងកសិកម្ម ចំនួនសរុប ៧៣៤ ហិកតា
– បានភ្ជួរដីឡូតិ៍កសិកម្ម ចំនួនសរុប ៦៥០ ហិកតា
– បានផលិត និងបោះបង្គោលព្រំឡូតិ៍ដីលំនៅឋាន និងកសិកម្ម បានចំនួន ៥.០០០ បង្គោល
– បានផលិត និងបោះបង្គោលព្រំដីព្រៃអភិរក្សចំនួន ១៥០ បង្គោល និងបង្គោលព្រំបឹង-ត្រពាំង-អូរ បានចំនួន ២០០ បង្គោល
– បានចែកសម្ភារសម្រាប់តាំងទីលំនៅដ្ឋានដំបូង (អង្ករ ២០០គ.ក និងស័ង្កសី ៤០សន្លឹក ក្នុងមួយគ្រួសារ)
– បានចែកសម្ភារកសិកម្ម ចំនួន ០៨មុខ (ចបកាប់ ចបជីក ប៉ែល ពូថៅ រណា ត្រសេះ ធុងស្រោច កាំបិតផ្គាក់)
– បានចែកសម្ភារសម្រាប់លំនៅដ្ឋាន ចំនួន ០៦មុខ (តង់ប្លាស្ទីក ភួយ កន្ទេល ធុងទឹក ធុងចម្រោះទឹក និងអំពូលសូឡា)
– បានចែកពូជបន្លែ ចំនួន ០៧ប្រភេទ (សណ្តែកគួ ត្រប់ ត្រសក់ ត្រកួន ត្រឡាច ននោង សណ្តែកបាយ)
– បានចែកកូនឈើហូបផ្លែ ចំនួន ០៥ប្រភេទ (ស្វាយ ដូង ខ្នុរ ក្រូចឆ្មា ទាប)
– បានចែកកូនស្វាយចន្ទី ចំនួន ១៣៨ដើម/គ្រួសារ
– បានសាងសង់អណ្តូងស្នប់អាហ្វ្រីដេស ៥៤កន្លែង
– បានរៀបចំក្រុមទុនបង្វិល ចំនួន ២៥ក្រុម (២០-២៥នាក់/ក្រុម)
– កំពុងសាងសង់មណ្ឌលសុខភាព ចំនួន ០១ខ្នង
– កំពុងសាងសង់អគារស្នាក់នៅសម្រាប់គ្រូបង្រៀន និងគិលានុបដ្ឋាយិកា ចំនួន ០១ខ្នង
– កំពុងសាងសង់អគារសហគមន៍ ចំនួន ០១ខ្នង
– កំពុងសាងសង់ផ្លូវដី ចំនួន ២១ខ្សែ ប្រវែង ៣២គ.ម
– កំពុងសាងសង់ផ្លូវល្បាយគ្រួសក្រហម ចំនួន ១១ខ្សែ ប្រវែង ២៥គ.ម

ក្នុងនោះក្រុមការងារក៏បានបន្តរៀបចំផែនការមេបន្ថែមទៀត រួមមាន:
– ផ្ទេរថវិកាចូលគណនីយក្រុមទុនបង្វិល ដើម្បីចាប់ផ្តើមដំណើរការ
– សិក្សារៀបចំប្រព័ន្ធស្រោចស្រពខ្នាតតូចសម្រាប់តំបន់ឡូតិ៍ដីកសិកម្ម
– ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ចិញ្ចឹមសត្វ បម្រែបម្រួលអាកាសធាតុ និងទីផ្សារកសិកម្ម ។ល។
– ផ្តល់វគ្គបណ្តុះបណ្តាលអំពីអំពីហឹង្សាក្នុងគ្រួសារ យេនឌ័រ និងការចំណាកស្រុក ។ល។
– ផ្តល់វគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់ទឹកស្អាត និងការថែទាំអណ្តូងស្នប់ ។ល។
– ផ្តល់វគ្គបណ្តុះបណ្តាលអំពីអនាម័យ សុខភាព និងការបង្ការនឹងជម្ងឺឆ្លង ។ល។
– សហការជាមួយមន្ទីរសុខាភិបាល ដើម្បីផ្តល់វ៉ាក់សាំងការពារជម្ងឺឆ្លង និងពិនិត្យសុខភាព នៅប៉ុស្តិ៍សុខភាព
– សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីដំណើរការសាលាបឋមសិក្សាថ្មី នៅសម្បទានដីសង្គមកិច្ច
– សហការជាមួយមន្ទីរកសិកម្ម ដើម្បីដំណើរការមណ្ឌលបង្ហាញបច្ចេកទេសកសិកម្ម នៅសម្បទានដីសង្គមកិច្ច
-សហការជាមួយ GIZ ដើម្បីចែកអង្ករ កញ្ចប់ពូជបន្លែ ជីកអណ្តូងដៃ និងស្រះទឹក ក្នុងឡូតិ៍ដីលំនៅដ្ឋាន បន្ថែម​សម្រាប់​គ្រួសារ ដែលតាំងទីលំនៅអចិន្ត្រៃយ៍

ជាមួយគ្នានៅដែរឯកឧត្តមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនរក្សាអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារ នៅពេលធ្វើដំណើរនៅតាមទីផ្សារឬកន្លែងណាមានមនុស្សច្រើន ដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិន​មាន​អ្វីឆ្លងទេ ការពារប្រសើរជាងព្យាបាល ជាពិសេសសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងវិញទៀត សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារ​អាយុ​ជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេសកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតខំ​អប់រំ​កូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់ៗសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាប ឬក៏ព្យាបាល ។