សហគមន៍កសិកម្មផលិតស្រូវចំណីខេត្តកំពង់ធំចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន AMRU RICE

243

ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងបានមួយកម្រិតទៀតនោះថ្ងៃទី២២ ខែសីហាឆ្នាំ២០១៨ នៅសណ្ឋាគារក្លរៀស និងស្ប៉ា បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) រវាងសហគមន៍កសិកម្មផលិតស្រូវចំណីខេត្តកំពង់ធំជាមួយក្រុមហ៊ុន AMRU RICE ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសហការីនាយកដ្ឋានជំនាញក៏ដូចជាមន្ត្រីគាំទ្រគម្រោងជំរុញផលិតកម្មស្បៀង និងប្រជាពលរដ្ឋទាំង៩សហគមន៍ចំនួនប្រមាណជាង ១០០នាក់ ។

ក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានបញ្ជាក់ថា ការចុះអនុស្សារណៈនេះមានគោលបំណងផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរដើម្បីៈ
១. បំពេញនូវតម្រូវការ និងការផ្គត់ផ្គង់ ២. សាងទំនុកចិត្តរវាងអ្នកផលិត និងអ្នកបញ្ជាទិញ ដោយធានានូវបរិមាណ និងគុណភាព ៣. កាត់បន្ថយចំណាយថ្លៃសេវា (ឈ្មួញកណ្តាល) បង្កើនប្រាក់ចំណេញតាមរយៈគម្រោងជំរុញផលិតកម្មស្បៀងនៃអគ្គនាយកដ្ឋានកសិកម្មដែលជាសេនាធិការផ្ទាល់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ខេត្តកំពង់ធំគម្រោងបានជ្រើសរើសសហគមន៍ផលិតគ្រាប់ពូជចំនួន ៤ សហគមន៍ ផលិតគ្រាប់ពូជលើផ្ទៃដីសរុបចំនួន ២៤០ ហិកតា គ្រោងផលិតគ្រាប់ពូជចំនួន ៧២០ តោន និងជ្រើសរើសសហគមន៍ផលិតស្រូវចំណីចំនួន ៩ សហគមន៍ ផលិតស្រូវចំណីលើផ្ទៃដី ៥,៣៦២ ហិកតា គ្រោងបានបរិមាណផលសរុបចំនួន ១៩,០១៣ តោន។ ជាមួយគ្នានោះដែរ សហគមន៍កសិកម្មផលិតស្រូវចំណីចំនួន០៩ ក្នុងខេត្តកំពង់ធំនឹងត្រូវបានចុះ MoU ជាមួយក្រុមហ៊ុន AMRU RICE ក្នុងពេលនេះ ដោយផ្គត់ផ្គង់ស្រូវចំណីចំនួន ៨០,០០០តោន ក្នុងដើមឆ្នាំ ២០១៩ខាងមុខ ក្នុងនោះមានសហគមន៍ ១. សហគមន៍កសិកម្មនិរន្តភាពសាមគ្គីភូមិខ្ញុំ ២. សហគមន៍កសិកម្មសានគរមានជ័យ ៣. សហគមន៍កសិកម្មនីពេជសាមគ្គីមានជ័យ
៤. សហគមន៍កសិកម្មដំរីស្លាប់មានពន្លឺថ្មី ៥. សហគមន៍កសិកម្មរុងរឿងមានជ័យ ៦. សហគមន៍កសិកម្មចំណារីកចំរើន
៧.សហគមន៍កសិកម្មសណ្តាន់សាមគ្គី ៨. សហគមន៍កសិកម្មឃុំកំពង់គោ ៩. សមាគមន៍ស្រែប្រាំងកម្ពុជា
។ បន្ថែមក្នុងនោះដែរ ឯកឧត្តមប្រតិភូបានលើកទឹកចិត្តជំរុញឱ្យមានពិធីចុះ MoU រវាងសហគមន៍កសិកម្មជាមួយវិស័យឯកជនបន្ថែមទៀត តែបញ្ហាសំខាន់នោះទាមទាឱ្យមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកដើម្បីឱ្យកិច្ចសន្យាមាននិរន្តភាពយូរអង្វែង និងត្រូវអនុវត្តតាមបច្ចេកទេសណែនាំនានាដើម្បី កាត់បន្ថយថ្លៃដើមផលិត បង្កើនផលិតភាពកសិកម្ម ជាមួយនឹងការពង្រឹងគុណភាពទៅប្រជែងជាមួយទីផ្សារអន្តរជាតិបាន។

ឯកឧត្តម កៅ ថាច បានមានមតិផ្ដាំផ្ញើ និងសូមអបអរសាទរចំពោះសហគមន៍កសិកម្ម និងក្រុមហ៊ុន AMRU RICE ដែលបានព្រមព្រាងគ្នាចុះ MoU ក្នុងការផ្គត់ ផ្គង់ និងទទួលទិញស្រូវចំណីពីសហគមន៍កសិកម្ម ហើយក៏បានស្នើសុំនិងលើកទឹកចិត្តឱ្យក្រុមហ៊ុន និងវិស័យឯកជននានាផ្សេងទៀត បន្តការចុះ MoU ជាមួយសហគមន៍កសិកម្មផ្សេងទៀត មិនត្រឹមតែផ្គត់ផ្គង់ ស្រូវចំណីនោះទេ តែក៏អាចធ្វើលើបន្លែផងដែរ។ ហើយក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទលើកទឹកចិត្តដល់សហគមន៍កសិកម្មដែលផលិតស្រូវ និងបន្លែ ដែលកង្វះដើមទុនក្នុងការផលិត អាចរៀបចំពាក្យស្នើសុំខ្ចីទុនពីធនាគារអភិវឌ្ឍន៍ជនបទដោយអត្រាការទាបចំពោះតែសហគមន៍កសិកម្មប្រកបរបរលើវិស័យកសិកម្ម ដោយធនាគារអភិវឌ្ឍន៍ជនបទនឹងស្នើសុំរៀបចំការិយាល័យងាយស្រួលសម្របសម្រួលនៅក្នុងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលគណៈអភិបាលខេត្ត បានសម្តែងការអបអរសាទរចំពោះការចុះ MoU នេះ និងបង្ហាញការសប្បាយចិត្តយ៉ាងក្រែងលែង ដែលអាចផ្ដល់ភាពកក់ក្ដៅ ទំនុកចិត្តដល់ប្រជា កសិករដែលបានចូលរួមចងក្រងជាសហគមន៍កសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានផ្ដាំ ផ្ញើដល់ភាគីទាំងពីរឱ្យបង្ហាញពីភាពស្មោះត្រង់ និងយោគយល់គ្នាទៅវិញទៅមក ដើម្បីបំពេញនូវតម្រូវការនិងការផ្គត់ផ្គង់ ដោយសាងទំនុកចិត្តរវាងអ្នកផលិតនិងអ្នកបញ្ជាទិញដោយធានានូវបរិមាណ គុណភាព និងកាត់បន្ថយការចំណាយថ្លៃសេវា(ឈ្មួញកណ្តាល)បង្កើនប្រាក់ចំនេញ។ ចុងក្រោយ ឯកឧត្តម សុខ លូ បានស្នើដល់ក្រុមហ៊ុន និងសហគមន៍ កសិកម្មត្រូវគិតគូបន្ថែមលើការផលិតបន្លែជំនួសបន្លែនាំចូល ដើម្បីឆ្លយតបទៅនឹងតម្រូវការអ្នកបរិភោគឲ្យកាន់តែប្រសើរជាងមុនដោមានតម្លៃសមរម្យនិងមានគុណភាពក្នុងការ
ផ្គត់ផ្គង់វិស័យទេសចេណ៍ក្នុងខេត្តកំពង់ធំ។