សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ប្រគល់ផ្ទះចំនួន ២ខ្នង និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋទីទ័លក្រនៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ

78

ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមប្រគល់ផ្ទះចំនួន ២ខ្នង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកាផ្ទាល់ខ្លួន និងចែកអំណោយមនុស្សធម៌ ដល់ចាស់ជរាទីទ័លក្រ ដែលកំពុងជួបការលំបាក ក្រុងស្ទឹងសែន និងបន្តដំណើរចុះជួបក្មេងស្រី ដែលមានជីវភាពលំបាក ដែលកំពុងរស់នៅជាមួយជីដូន នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែបានយកចិត្តទុកដាក់ គិតគូជានិច្ចនូវទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។ ហើយការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ គឺមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សប្បុរ ឬសាសនានោះឡើយ និងបានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាត។

ក្រៅពីនេះ ឯកឧត្តម សុខ លូ និងសហការី បានបន្តដំណើរចុះជួបក្មេងស្រីឈ្មោះ ឡៃ ដាលីន អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៨ សាលាអនុវិទ្យាល័យពាមគ្រែង និងឈ្មោះ ឡៃ ឈុនឡាវ អាយុ ១២ឆ្នាំ ថ្នាក់ទី៦ សាលាបឋមសិក្សាកំពង់គោ និងក្មេងប្រុសឈ្មោះ ឡៃ យូនីត អាយុ ២ឆ្នាំ ដែលមានជីវភាពលំបាក កំពុងរស់នៅជាមួយជីដូន នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះឯកឧត្តម បានឧបត្ថម្ភ កង់ ចំនួន ២គ្រឿង សម្ភារៈសិក្សា សំលៀកបំពាក់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនថែមទៀត ព្រមទាំងផ្តាំផ្ញើដល់លោកមេភូមិ មេឃុំ បន្តតាមដានការសិក្សាឲ្យបានល្អ និងជីវភាពរស់នៅរបស់ក្មេងៗទាំងនោះ បន្ថែមទៀត។

គួរំលឹកដែរថា ការប្រគល់ផ្ទះទាំង២ខ្នងនេះ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្តាមុខ ១ជ្រុង ជញ្ជាំងសង្ក័សី៣ជ្រុង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រ ប្តីឈ្មោះ កែវ វណ្ណនាង អាយុ ៣៧ និងប្រពន្ធឈ្មោះ ភឿង ចន្ថា អាយុ ៣៦ មានកូនក្នុងបន្ទុក ចំនួន ៣នាក់ នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំណែកឯផ្ទះមួយទៀត ប្រគល់ជូននិវត្តន៍ជនមួយរូបដែលមានជីវភាពខ្វះខាត នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន និងសម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំងបន្តដំណើរចុះជួបសំណេះសំណាលជាមួយជនចាស់ជរាទីទ័លក្រ ចំនួន ៣គ្រួសារ បន្ថែមទៀត ដោយបាននាំយកនូវគ្រឿងឧបភោគ បរិភោគ ដោយមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ឃីដ ១កញ្ចប់ ផើងចំរោះរូបទន្សាយ ១ ជើងកន្ថោ ១ ទឹកសុទ្ធ ១កេះ ព្រមទាំងថវិកាផ្ទាល់ខ្លួនមួយចំនួនថែមទៀត៕