សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត​កំពង់ធំ ត្រៀម​សមាជិក​ដើម្បី​សង្កេត​ការណ៍​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧

126

ក្រុមការងារ ​សាខាសមាគម​នារី​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកំពង់ធំ ដែល​ដឹកនាំ​ដោយ ​លោកជំទាវ ឃួន ឃុន​ឌី បាន​បែងចែកក្រុម ដើម្បី​ធ្វើការ​ចុះ​ផ្សព្វផ្សាយ​ដល់​សមាជិកសមាគម​នារី តាម​ផែនការរបស់ខ្លួន ចំនួន ១,០៥៣នាក់ ធ្វើជា​អ្នកសង្កេតការណ៍បោះឆ្នោត​ទាំង ៨ក្រុង ស្រុក សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ ។ ក្រុម​ការងារ​នេះ មាន​​គោលបំណង ចុះពន្យល់ឲ្យសមាជិក បាន​យល់​លើ​ចំនុច​សំខាន់ៗ បីដូច​ខាងក្រោម៖

១. នីតិវិធី​នៃ​ការ​បោៈ​ឆ្នោត
២. តួនាទី​ភារកិច្ច​របស់​អ្នកសង្កេតការណ៍
៣. ក្រមសីលធម៌​របស់​អ្នកសង្កេតការណ៍

​ក្នុងការ​អនុវត្តតាម​ផែនការ​នេះ នៅ​ព្រឹក​ថ្ងៃទី ១៧/៥/២០១៧ លោកជំទាវ ឃួន ឃុន​ឌី បាន​ចុះបង្រៀន​​ផ្ទាល់ នៅ​វត្ត​ទឹកម្លាង, ស្រុក​សណ្ដាន់ ដែលមាន​សមាជិក​ជា​ស្រ្តី ចូលរួម​សរុប ចំនួន ៧១នាក់ ។

ចំណែកឯ​នាពេល​រសៀល លោកជំទាវ បាន​បន្ត​ចុះមក​ស្រុក​ប្រាសាទសំបូរ ដែលមាន​សមាជិក​ជា​ស្ត្រី ចូលរួម​សរុប ចំនួន ៥៩នាក់ ផងដែរ ។ ក្រោយពី​បញ្ជប់​កម្មវិធី​នីមួយៗ លោកជំទាវ ក៏បាន​ឧបត្ថម្ភ ថវិកា​សម្រាប់ធ្វើ​ជា​សោហ៊ុយ ធ្វើដំណើរ​ដល់​សមាជិក ក្នុង​ម្នាក់ៗ ទទួលបាន​ចំនួន ១ម៉ឺន​រៀល ផងដែរ ៕