សិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធ​នឹងការបង្កើតយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ

125

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវអនុក្រឹត្យ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង្កើតការិយាល័យប្រជាពលរដ្ឋ សម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ានានា របស់ប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាខេត្ត។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សម្រាប់ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ក៏បានបង្កើតការិយាល័យ ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរួចហើយដែរ ដោយឡែកនៅតាមមន្ទីរអង្គភាព និងស្រុកផ្សងទៀតមិនទាន់មានការិយាល័យទំាងពីរនេះទេ។

ពេលនេះរាជរដ្ឋាភិបាល បានដាក់ចេញឲ្យអនុវត្តន៍ នូវអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹង ការបង្កើតយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព រយៈពេលខ្លី ច្បាស់លាស់ អាចជឿទុកចិត្តបាន តម្លៃថោក ប្រកបដោយគុណភាព និងគណេយ្យភាព នៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាល លើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយផងដែរ។

ឯកឧត្តមបន្ថែមទៀតថា ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នឹងចាប់ដំណើរការ អនុវត្តនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ដូច្នេះសូមលោកប្រធានមន្ទីរអង្គភាព លោកអភិបាលស្រុកទំាងអស់ ត្រូវយកចិត្តទុកដាក់ និងរៀបចំមន្ត្រីដើម្បីទទួលការងារនេះ ឲ្យមានដំណើរការល្អ ក្នុងការបម្រើសេវាសាធារណៈ ដែលជាសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសង្កត់ធ្ងន់ថា ការទទួលសេវាទំាងអស់ត្រូវ គឺយើងត្រូវធ្វើតាមការណែនាំតាមប្រកាសរបស់អន្តរក្រសួង ដែលបានកំណត់អំពីតម្លៃសេវាទំាងអស់ ក្នុងនោះមិនអាចនណាម្នាក់កំណត់ អំពីតម្លៃសេវានេះ ដោយខ្លួនឯងបានទេ។