សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធីនៃការផ្លាស់ប្តូររបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍

185

ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធី សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធីនៃការផ្លាស់ប្តូររបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ សម្រាប់ខេត្តកំពង់ធំ ដែលរៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមមាន លោកជំទាវក្រុមប្រឹក្សាខេត្ត ក្រុមការងារថ្នាក់ជាតិ លោក លោកស្រីមកពីអង្គភាពជុំវិញខេត្ត ។

លោក យៀប ម៉ាលីណូ ប្រធានសុខមាលភាពជនពិការ លើកឡើងពីមូលហេតុនៃកម្មវិធីអង្គសិក្ខាសាលាថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវសេចក្តីទុកចិត្ត លើនាយកដ្ឋានសុខមាលភាពជនពិការ គឺត្រូវអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រថ្នាក់ជាតិ និងគោលនយោបាយដែលទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ដោយធ្វើការផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ កសាងជីវភាពឡើងវិញដល់ជនពិការក្រីក្រ ទប់ស្កាត់ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងកាត់បន្ថយភាពអនាថា ការដើរសុំទានតាមចិញ្ចើមផ្លូវរបស់ជនពិការ ព្រមទាំងពង្រឹង ប្រសិទ្ធិភាពក្នុងការផ្តល់នូវសេវាសង្គមកិច្ចដល់ជនពិការក្រីក្រផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម គង់ វិមាន លើកឡើងថា ពិការភាពគឺជាបញ្ហាមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ ក្នុងនោះអាជ្ញាធរខេត្តកំពង់ធំ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខមាលភាពទូទំាងខេត្ត ហើយយើងចាត់ទុកជនពិការភាព គឺគោលដៅចំបង ។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្នុងគោលនយោបាយគាំពារ ជនពិការឆ្នាំ២០១៤-២០១៨ ទៅក្នុងផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត ដែលនឹងត្រូវចូលរួមអនុវត្ត ដោយរដ្ឋបាលខេត្តតែម្តង ហើយផ្តោតលើកិច្ចការងារសំខាន់ៗដូចជា ការលើកម្ពស់ជីវភាពរស់នៅរបស់ជនពិការ តាមរយៈការចូលរួមអនុវត្តសកម្មភាពនានា សំដៅកាត់បន្ថយភាពក្រីក្ររបស់ជនពិការ និងលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ក្រោមឱវាទរបស់រដ្ឋបាលខេត្ត ក៏ដូចជាជំរុញឲ្យជនពិការបានចូលធ្វើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ទៅតាមសមត្ថភាពរបស់បងប្អូនជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ការ ។

ទន្ទឹមនោះដែរ ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំមានការយកចិត្តទុកដាក់ខ្ពស់លើជនពិការភាព ក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងសមភាព ព្រមទំាងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ហើយបង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ ដើម្បីឈានទៅរកការលុបបំបាត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ ។ ក្រៅពីនោះរដ្ឋបាលខេត្តបានលើកទឹកចិត្តដល់ការចូលរួមសកម្មភាពសង្គមសម្រាប់ជនពិការដូចជា សកម្មភាពវប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត ។

ចុងបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលជាសេនាធិការយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត នឹងជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ជាពិសេសការងារស្តារលទ្ធភាពពលកម្មនៅសហគមន៍នេះ ឲ្យទទួលបានជោគជ័យ ៕