សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣

414

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ក្រោមអធីបតីភាព ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់។ ដោយមានការអញ្ជើញចូលរួមពី មន្រ្តីជំនាញថ្នាក់កណ្តាល និង មន្ទីរជំនាញរដ្ឋបាល ខេត្ត ក្រុង ស្រុក ប្រមាណ២២០នាក់។

លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្ត បានមានប្រសាសន៍ស្វាគមន៍និងបើកអង្គសិក្ខាសាលា បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លងកាត់ និងទទួលជោគជ័យរួចហើយនូវ ដំណាក់កាលទី១ ភាពជឿរទុកចិត្តបាន នៃថវិការ និង ដំណាក់កាលទី២ គណនេយ្យភាពហិរញ្ញវត្ថុ ហើយបច្ចុប្បន្ននេះជាដំណាក់កាលទី៣ ការផ្សារភ្ជាប់ថវិកាទៅនិង គោលនយោបាយ ដែលប្រកាសដាក់អោយអនុវត្ត ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់ និង គ្មានលទ្ធផលណាដែលបានមក ដោយមិនបង់ដ្លៃនោះទេ ហើយក៏គ្មានកំណែទម្រង់ណា ដែលសម្រេចបាន ដោយមិនមានការលះបង់នោះដែរ ៕ លោកជំទាវ បានបន្តថា ជាការពិតណាស់ ការអនុវត្តកម្មវិធីទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទទួលជោគជ័យ ត្រូវការធនធានមនុស្សមានជំនាញ និងសមត្ថភាព ដែលជាសូចនាករគន្លឹះ សំខាន់សម្រាប់កំណត់លទ្ធផល ។

ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យច្បាស់លាស់ គឺប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ របស់កម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការស្របតាមស្តង់ដារអន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិ “ដូចប្រសាសន៍ ដ៏ឧត្តុង្គឧត្តម របស់ សម្តេចតេជោ កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់”។ ឯកឧត្តមមានប្រសាសន៍បន្តថា រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានដាក់ចេញឱ្យដំណើរការថវិកាកម្មវិធី សម្រាប់ក្រសួង ស្ថាប័ន និងមន្ទីរទាំងអស់ជាបណ្តើរៗ តាមបណ្តាឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០១៥ ក្នុងនោះ៖ ក្នុងឆ្នាំ ២០១៥ មន្ទីរជំនាញចំនួន ១០ បានអនុវត្តថវិកាកម្មវិធីសាកល្បងពេញលេញ តាមរយៈ ការអនុវត្តថវិកាកម្មវិធីពេញលេញរយៈពេលជិត ៣ ឆ្នាំកន្លងមកនេះ មន្ទីរ សហវ ខេត្ត ពិនិត្យឃើញថា ការប្រគល់សិទ្ធិជូនអង្គភាពថវិកា ជាអាណាប័កផ្ទេរសិទ្ធិ ក្នុងការអនុវត្តថវិកាមានភាពរលូន និងបង្កើនភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាពក្នុងការអនុវត្តថវិកាបានមួយកំរិត តាមរយៈការបើកផ្តល់បានទាន់ពេលវេលា និងទៅតាមកម្មវិធីចំណាយ សម្រាប់បម្រើឱ្យការអនុវត្តសកម្មភាពការងារ បានត្រឹមត្រូវតាមផែនការ។

ឯកឧត្តមបន្តថា មន្ទីរ សហវ ខេត្ត សូមសំណូមពរ និងអំពាវនាវដល់គ្រប់ប្រធានមន្ទីរ-អង្គភាព មេត្តាយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារថវិការបស់ខ្លួន ហើយមន្ទីរ សហវ ខេត្ត ត្រៀមសហការជានិច្ច ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តការងារកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣នេះ សម្រេចបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀត មន្ទីរ សហវ ខេត្ត ក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ មេត្តាចាត់មន្រ្តីជំនាញ ជួយបណ្តុះបណ្តាល ឬសិក្ខាសាលាបែបនេះដល់មន្ត្រីជំនាញ ដែលកំពុងអនុវត្តថវិកាកម្មវិធីនៅតាមមន្ទីរជំនាញក្នុងខេត្តកំពង់ធំផងដែរ