សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់

156

ដោយមានការយកចិត្តទុកដាក់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ថ្នាក់ដឹកនាំខេត្ត ជាពិសេសឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក្រៅពីបំពេញការងារប្រចាំថ្ងៃ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧ បានឆ្លៀតដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងដឹកនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រលំបាក ដល់លំនៅដ្ឋានជាក់ស្តែងផ្ទាល់ ចំនួន ២១គ្រួសារ នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ចំនួន ០៨គ្រួសារ និងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ចំនួន ១៣គ្រួសារ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្នុងឱកាសចុះសួរសុខទុកនេះដែរ ឯកឧត្តម សុខ លូ បាននាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទីណាមានទុក្ខលំបាក ទីនោះតែងតែមានសម្តេចតេជោ នៅជាមួយបងប្អូនជានិច្ច ដោយមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ ដោយសារគ្មានបាយហូបនោះទេ ។

ឯកឧត្តមបានបន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាក របស់បងប្អូនបានមួយចំណែកផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបរ និងដាំបន្លែបង្ការបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការរស់នៅ របស់បងប្អូនឲ្យកាន់តែប្រសើរឡើង ម្យ៉ាងវិញទៀត សូមបងប្អូនក៏ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ ជាដើម ។ បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តម ក៏បានប្រគល់អំណោយ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០២បេ (៥០គីឡូក្រាម) មី ០២កេស ទឹកសុទ្ធ ០៤យួរ ធុងចម្រោះ ០១ និងថវិកាមួយចំនួន ។

ក្នុងពិធីចែកអំណោយនោះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋទូទំាងប្រទេស ជាពិសេសបានចុះផ្ទាល់ដល់កន្លែង និងឃើញជាក់ស្តែងនូវជីវភាពក្រីក្រលំបាករបស់ពួកគាត់៕