ស្ថានីយបណ្ដុះកូនឈើតាមរយៈជាលិកា(Tissue Culture)របស់ក្រុមហ៊ុនអង្គរប្រាយវូត នៅឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

136

រដ្ឋបាលខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យសកម្មភាពបណ្តុះកូនឈើតាមរយ:ជាលិកា (Tissues Culture) របស់ក្រុមហ៊ុនអង្គរប្រាយវូត ស្ថិតនៅឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បច្ចេកទេសបណ្តុះកូនឈើ/កូនដំណាំតាមបែបជាលិកានេះ ជាបច្ចេកទេសទំនើបមួយ ហើយកាន់តែត្រូវបានយកចិត្តទុកដាក់ និងពេញនិយមសម្រាប់ការដាំដុះជាលក្ខណៈឧស្សាហកម្ម ព្រោះកូនដំណាំ ឬកូនឈើដែលបណ្ដុះចេញមកគឺមានបរិមាណច្រើនឆ្លើយតបតាមការតម្រូវការ រីឯការលូតលាស់ និងអាយុផលិតកម្ម​គឺតំណាលគ្នា ហើយជាពិសេសគ្មានជំងឺឆ្លង។ នៅជំហានដំបូង ក្រុមហ៊ុនអង្គរប្រាយវូត កំពុង​ផលិតកូនឈើប្រេងខ្យល់តាមរយ:ជាលិកានេះ បានជាមធ្យមចំនួន៦លានដើមក្នុង១ឆ្នាំ ដែលអាចយកទៅដាំលើផ្ទៃដីបាន១ម៉ឺនហត។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បង្កើតស្ថានីយបណ្តុះកូនឈើ/កូនដំណាំតាមបែបជាលិកានេះ ហើយបានស្នើក្រុមហ៊ុនសហការជាមួយ រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ រៀនសូត្រ ដកស្រង់បទពិសោធន៍ បច្ចេកទេស ឱ្យបានទូលំទូលាយ៕