ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ជំនួសដោយលោកឧត្តមសេនីយ៍ទោ ម៉ែន លី

24

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃ​គណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រកាសផ្ទេរភារកិច្ចលោកឧត្តម សេនីយទោ ម៉ែន លី ពីស្នងការខេត្តឧត្តរមានជ័យ មកកាន់មុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅ​សាលប្រជុំ​សាលាខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យលោកស្នងការថ្មី បង្កើនការ​សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវសហការល្អជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ជាពិសេស ខិតខំ​ដឹកនាំ​អង្គភាពបានរលូនដើម្បីចូលរួមចំណែក ការពារសន្តិសុខសង្គម ការពាររាជរដ្ឋាភិបាល ហើយប្រធាន​អង្គភាព​ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំ។

ឯកឧត្តមនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន បានដាស់តឿនដល់ស្នងការថ្មី ស្នងការនគរបាល​ខេត្តកំពង់ធំ ត្រូវអនុវត្តន៏ខិតខំប្រឹងប្រែងប្តេជ្ញាតាមការសន្យា។ ម្យ៉ាងវិញទៀត នគរបាលត្រូវប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៍ ចេះចែករំលែកការងារគ្នា ធ្វើទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួល​ខុសត្រូវខ្ពស់។ ក្នុងនោះនោះឯកឧត្តមបានដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ត្រូវធ្វើជាគំរូល្អដល់​ប្រជាពលរដ្ឋ​​ហើយ​​ប្រធានអង្គភាពត្រូវគិតគូពីការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងវិន័យ​ការងារ​និងមាន​គុណធម៌ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង លុបចោលជម្ងឺតួឯក ដណ្តើមមុខមាត់ ស្នាដៃ និងត្រូវដោះស្រាយ​បញ្ហាតាមវិន័យ តាមច្បាប់ ។