ស្វែងយល់អំពីលទ្ធិប្រជាធិបតេយ្យ​ក្នុង​បរិបទ​សភា​ឯក​បក្ស​

710

សមាសធាតុ​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​ផ្សំ​ឡើង​ដោយ​ធាតុ​សំខាន់​យ៉ាងតិច​បួន គឺ​សន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច ការគោរព​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ការបោះឆ្នោត តាម​លក្ខណៈ​សេរី​ពហុបក្ស។ ក្នុងន័យនេះ​តើ​កម្ពុជា​ស្ថិតនៅក្នុង​កម្រិត​បែបណា​នៃ​ធាតុផ្សំ​ទាំងបួន?

លទិ្ធប្រជាធិបតេយ្យ​មិនអាច​ត្រូវ​លើកកម្ពស់​បានទេ នៅទីណា​ដែលមាន​ការបង្ហូរ​ឈាម​តាមរយៈ ចុង​អាវុធ ហើយ​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​នេះ រហូតដល់​សង្គ្រាម​ត្រូវបាន​បញ្ចប់។ អ្វីដែល​ជា​បំណងប្រាថ្នា​ដំបូង​បំផុត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គឺ​សន្តិភាព ហើយ​សន្តិភាព​នេះ​បាន និង​កំពុង​ចាក់​ឬស ក្នុងសង្គម​កម្ពុជា ក្នុង​រយៈពេល២០ឆ្នាំ​ចុងក្រោយ​នេះ។

បន្ទាប់ពី​ចប់​សង្គ្រាម កម្ពុជា​បាន​រង​ផលប៉ះពាល់​ជាបន្តបន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​សេដ្ឋកិច្ចកម្ពុជា​ទទួល បាន​កំណើន​ក្នុង​រង្វង់៧ភាគរយ​ក្នុង​រយៈពេល១០ឆ្នាំ​ចុងក្រោយ​នេះ ដែល​ធនាគារ​អភិវឌ្ឍន៍អាស៊ី បានចាត់ទុក​ថា​ជា​ប្រទេសមួយ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ី​និង​ត្រូវបាន​ប្រសិទ្ធិនាម​ថា​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​ទៀតផង។ ដោយសារ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បែបនេះ​ធ្វើឱ្យ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ជាបន្តបន្ទាប់​ធៀប​នឹង ២០ឆ្នាំ ១០ឆ្នាំ ឬ៥ឆ្នាំមុន។ ភាព ប្រសើរឡើង​នៃ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ បានធ្វើឱ្យ​ពួកគេ​ងាក មក​យកចិត្តទុកដាក់​លើ ការងារ​អប់រំ ការអត់ឱន​អធ្យាស្រ័យ​គ្នា​នៅក្នុង​សង្គម និង​ការគិតគូរ អនុវត្ត​ច្បាប់​ជាធំ​ដែលជា ការរួមចំណែក​ដល់​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់តែ រឹងមាំ។

ប្រជាពលរដ្ឋ​ចម្រុះ​ពណ៌​សម្បុរ​មិន​ថា​មាន​សញ្ជាតិ​កម្ពុជា ឬ​បរទេស​ទេ ដែល​កំពុង​រស់នៅ​កម្ពុជា មាន​សិទ្ធិ​ស្មើៗគ្នា​ចំពោះមុខ​ច្បាប់ ដោយ​គ្មាន​ការរើសអើង។ ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ ប្រកបមុខរបរ​ដោយ​គ្មាន​ការ​រឹត​ត្បឹត ឬ​ហាមឃាត់។ ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ​យោបល់​តាម មនសិការ​របស់ខ្លួន ប៉ុន្តែ​មិនត្រូវ​រំលោភ​ដល់​សិទ្ធិ​អ្នកដទៃ​ឬ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ ដែល​ច្បាប់​ហាមឃាត់ ឬ​បំផ្លើសការពិត​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។ ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយនេះ សិទ្ធិសេរីភាព របស់​ស្ត្រី​កាន់តែ​ត្រូវបាន​លើកកម្ពស់​ជាលំដាប់​ដែល​មិន​ធ្លាប់ មាន​ក្នុងសង្គម​កម្ពុជា​កន្លងមក ដោយសារ​ស្ត្រី​បានក្លាយ​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការ ចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច ជាពិសេស​ក្នុង​វិស័យ​វាយនភ័ណ្ឌ។ ទាំងនេះ​ជា​ជំ​ហ៊ាន​ដ៏​វិជ្ជមាន ចំពោះ​ការគោរព​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ត្រូវធ្វើឡើង ដោយ​ផ្អែកលើ​ឆន្ទៈ​ប្រជាពលរដ្ឋ​តាមរយៈ​ការបោះឆ្នោត។ លទ្ធផល​នៃ​ការបោះឆ្នោត គឺអាច​មាន គណបក្ស មួយ​ឈ្នះ​ក្នុង​សភា គណបក្ស​ពីរ ឬ​គណបក្ស​ច្រើន។ តាមរយៈ​លទ្ធផល​នេះ​សភាជាតិ មួយ​ត្រូវបាន​បង្កើតឡើង​ដែលមាន​លក្ខណៈ​ជាស​ភា​ឯក​បក្ស ឬ​សភា​ទ្វេ​បក្ស ឬ​សភា​ពហុបក្ស។ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ក្រោយ​សង្គ្រាមលោកលើកទី២ បានបង្ហាញ​ថា ក្នុងប្រទេស ប្រជាធិបតេយ្យ​មួយចំនួន ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជូន​គណបក្ស​តែមួយ​ដោយ​ទទួល​សម្លេង ច្រើនលើស​លុប ក្នុងចំណោម​គណបក្ស ប្រកួតប្រជែង​ដ៏​ច្រើន​ហើយ​សភា​ឯក​បក្ស ក៏ត្រូវ​បាន បង្កើតឡើង​ដោយ​គណបក្ស​ឈ្នះឆ្នោត​នោះ។ នៅ​សឹង្ហ​បុរី ពី​ឆ្នាំ១៩៦៨ ដល់​ឆ្នាំ១៩៨០ គណបក្ស People’s Action Party (PAP) បានឈ្នះ​ឆ្នោត​ចំនួន​បួន​អាណត្តិ​ជាប់ៗគ្នា​ហើយ​ទទួលបាន អាសនៈ​ទាំងអស់​នៅក្នុង​រដ្ឋសភា។ ជ័យជម្នះ​របស់​គណបក្ស PAP គឺ​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​របស់ ប្រជាជន​សឹង្ហ​បុរី ក្នុងការ​ផ្តល់​ទំនុកចិត្ត​ដល់​គណបក្ស​នេះ ដើម្បី​ដឹកនាំ​ប្រទេស​តទៅ ទៀត ហើយ​រហូតដល់​ពេលនេះ គណបក្ស PAP នៅតែ​បន្ត​ដឹកនាំ​សឹង្ហ​បុរី​ដដែល។

ដោយឡែក​នៅ​កម្ពុជា​វិញ​ពី​ឆ្នាំ១៩៥៥ដល់១៩៦៦ គណបក្ស​សង្គមរាស្ត្រនិយម​ទទួលបាន​ការគាំទ្រ លើស​លុប​ហើយ​សភា​ឯក​បក្ស​ត្រូវបាន​បង្កើតឡើង​ចំនួន​បួន​អាណត្តិ​ជាប់ៗគ្នា​ដោយសារ​កត្តា មួយចំនួន​រួមមាន​ការទាមទារ​ឯករាជ្យ​ពី​បារាំង នយោបាយ​មិន​ចូលបក្សសម្ព័ន្ធ ការទទួលបាន អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ ការបង្រួបបង្រួម​ជាតិ និង​ការការពារ​បូរណភាព​ទឹកដី។

នៅក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី២៩ ខែកក្កដា មានការ​ចូលរួម​ប្រកួតប្រជែង​ពី​គណបក្ស​ចំនួន២០ ដោយមាន​អត្រា​អ្នក​ទៅ​បោះឆ្នោត​ចំនួន៨២,៨៩ភាគរយ​ដោយ​គណបក្សប្រជាជន​កម្ពុជា ទទួលបាន​សម្លេង​គាំទ្រ​ជាបឋម​ប្រហែល៧៦,៧៧ភាគរយ​ដែលនាំឱ្យ​គណបក្ស​នេះ​អាច​ទទួល បាន​អាសនៈ១០០ភាគរយ នៅក្នុង​រដ្ឋសភា។ ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​លើស​លុប​លើ​គណបក្ស ប្រជាជន​កម្ពុជា គឺ​ដោយសារ​គណបក្ស​នេះ បាន​រំដោះ​ប្រជាពលរដ្ឋ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ស្តារ​និង​កសាង​ប្រទេស​ពី​បាតដៃ​ទទេ​រ នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ​និង​សន្តិភាព កសាង​លទ្ធិប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេស។

លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ជឿជាក់​លើ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ទោះបីជា​មាន​យុទ្ធនាការ​រារាំង​មិនឱ្យ​ទៅ​បោះឆ្នោត​ក៏ដោយ។ អត្រា​នៃ អ្នក​ទៅ​បោះឆ្នោត៨២,៨៩ភាគរយ​នេះ បង្ហាញ​យ៉ាងច្បាស់​នូវ​ការបរាជ័យ​របស់ ក្រុមប្រឆាំង ដែល​តែងតែ​ប្រើ​លទ្ធិប្រជាធិបតេយ្យ​មក​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ។

ទោះជា​ការដឹកនាំ​បែប​សភា​ឯក​បក្ស ឬ​ពហុបក្ស​ក៏ដោយ​បញ្ហាសំខាន់​គឺ​រដ្ឋាភិបាល​ដែល​កើតចេញ ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដឹកនាំ​ប្រទេស​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​រក្សាបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ ដូច​មាន​ជាឧទាហរណ៍​ស្រាប់​នៃ​គំរូដឹកនាំ​ឯក​បក្ស​នៅ​ប្រទេស​សឹង្ហ​បុរី និង​នៅ​ប្រទេស​ដទៃទៀត៕
ដោយ: សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន
(ប្រភពៈ អត្ថបទទាំងស្រុងពីវេបសាយ រស្មី​កម្ពុជា ផ្សាយ​ចេញថ្ងៃ ៣ សីហា ២០១៨)