អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ

29

(រដ្ឋបាលខេត្តកំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ដែល ប្រព្រឹត្តទៅស្របជាមួយទិវារំលឹក​ខួបអនុស្សាវរីយ៍​លើក​ទី៦៧ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរង្វង់មូលវិមានឯករាជ្យ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នៅក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានអានជីវប្រវត្តិនៃការតស៊ូក្នុងការដណ្ដើមឯករាជ្យ​ពីសាធារណរដ្​បារាំង ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបាន​ឯករាជ្យ​ដ៏​ពេញលេញ​បរិបូរណ៍ពី​សាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជាក្រោយពីទទួល​បាន​ឯករាជ្យ ដោយមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេស​ដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើន លើគ្រប់វិស័យ ក្រោមព្រះរាជតម្រិៈ​ដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិក សម័យសង្គមរាស្រ្តនិយម រហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជាថា កោះសន្តិភាពនា​អាសុីអាគ្នេយ៍។ ហើយកូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃ​កងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ​ជាប្រវត្តិសាស្ត្ររបស់​ប្រទេស​ជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យ​ពូជសាស្រ្ត ប៉ុល ពត ជាពិសេសលើមូលដ្ឋាននៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាង​នូវអ្វីៗគ្រប់យ៉ាង​ដូចបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃពីសំណាក់ សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នៅគ្រប់កាលៈទេសៈ។

ឯកឧត្តមបន្តទៀតថា ដើម្បីបន្តនូវគំរូវីរភាពដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមអំពាវនាវដល់កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សា​រាល់សមិទ្ធផលរបស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យបានរីក​ចម្រើន​រុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏​ទូលំទូលាយដោយគ្មានការ​កើតឡើងជា​ថ្មី​ទៀត​នូវសង្គ្រាម​សោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាលឡើយ។