អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

45

(រដ្ឋបាលខេត្តកំពង់ធំ): រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២០ រៀបចំពិធីខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេស ប៉ូឡូញ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអាជ្ញាធរប្រាសាទសំបូរព្រៃគុក ក្រុមប្រឹក្សាខេត្ត សហភាពសហព័ន្ធយុវជន​ខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ នៅបរិវេណប្រាសាទសំបូរព្រៃគុក មានទីតំាងស្ថិតនៅ​ភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល៣ឆ្នាំ​នៃការដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភលោក បានធ្វើឲ្យខេត្តកំពង់ធំ មានការចាប់​អារម្មណ៍​ពីភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិ ចូលមកទស្សនាកើនឡើងគួរឲ្យកត់សម្គាល់ ។ ប៉ុន្តែក្នុងរយៈពេល​១ឆ្នាំចុងក្រោយនេះ ដោយសារពិភពលោកទាំងមូលកំពុង តែរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដែលបណ្តាល​មកពី​ជំងឺកូវីដ-១៩ បានធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍មានការ ធ្លាក់ ចុះយ៉ាងខ្លាំង ។ ឯកឧត្តមបន្ថែមទៀតថា ស្រប​ពេល​ជាមួយ​គ្នានោះ​ដែរប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែល​មាន​ជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាក​ជូនបងប្អូន​ជា​ប្រជា​ពលរដ្ឋ​ក្រីក្រពិតប្រាកដ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់ការងារផ្តល់ប័ណ្ណសមធម៌ នេះ សូមភូមិឃុំ/សង្កាត់ធ្វើ ឲ្យបានសុក្រិត ត្រឹមត្រូវ យុត្តិធម៌ ច្បាស់លាស់ ក្នុងនោះក្រុង ស្រុក ត្រូវយកចិត្ត​ទុកដាក់តាមដានត្រួត ពិនិត្យឲ្យបានហ្មត់ចត់ ចុះជាប់ជាមួយភូមិឃុំ/សង្កាត់ជៀសវាងដាច់ខាតករណី​ឃុបឃិត​គ្នាដាក់បញ្ចូល សាច់ញាតិ បងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាជនក្រីក្រ និងងាយរងគ្រោះ​ពិតប្រាកដ​ដើម្បី​ទទួល បាននូវប្រាក់ឧបត្ថម្ភនេះពិតប្រាកដ។

ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា មានប្រសាសន៍លើកឡើងថា ប្រាសាទសំបូរព្រៃគុក សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។

ឯកឧត្តមបន្ថែមទៀតថា បន្ទាប់់ពីប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ពិតជាមានការប្រែប្រួល ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងការគ្រប់គ្រង ការថែរក្សា ការពារ បានល្អ ។ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយើង ដូចជាមន្ត្រីជំនាញ ក្រោមការចង្អុលបង្ហាញ​របស់​សម្ដេចតេជោ ហ៊ុន សែន ។ ម្យ៉ាងវិញទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនេះ មិនត្រឹមតែជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោកប៉ុណ្ណោះទេ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បាន បញ្ចូលតំបន់នេះ ជាតំបន់​អភិរក្សផ្នែកបរិស្ថាន ដែលតម្រូវឱ្យយើងទាំងអស់គ្នា ចូលរួមការពារថែរក្សា។ ហើយការអភិរក្ស​ពិតជាមាន​ការជួប​បញ្ហាលំបាកខ្លះ ចំពោះបងប្អូនដែលធ្លាប់មានការរស់នៅក្នុងតំបន់នេះ ក្នុងនោះឯកឧត្តមក៏បានជំរុញ​ឲ្យ​អាជ្ញាធរមូលដ្ឋានខិតខំពន្យល់ដល់បងប្អូន​ប្រជាពលរដ្ឋឲ្យយល់អំពីសារប្រយោជន៍នៃការដាក់បញ្ចូលប្រាសាទ​សំបូរ​ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមិនឲ្យបងប្អូនប្រជាពលរដ្ឋ​នៅរស់នៅក្នុងតំបន់នេះមានការ​រំលោភ​បំពាននូវអ្វីដែលច្បាប់បានហាមឃាត់។