អបអរសាទររុក្ខទិវាជាតិ ពិធីដាំកូនឈើព្រៃ ចំនួន ៧០.០០០ដើម និងចែកកូនឈើហូបផ្លែ ចំនួន ៥០.០០០ដើម នៅសហគមន៍ជាំធ្លក ស្រុកសណ្តាន់

235

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានចំណាយពេលវេលាឈប់សម្រាកផ្ទាល់ខ្លួន រួមដំណើរជាមួយឯកឧត្តម យិន គឹមសៀន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយធ្វើដំណើរតាមគោយន្ត មានចំងាយឆ្ងាយ ជាមួយក្រុមការងារ ដើម្បីចូលរួមក្នុងពិធីដាំកូនឈើព្រៃ និងចែកកូនឈើហូបផ្លែ នៅសហគមន៍តំបន់ការពារធម្មជាតិ ជាំធ្លក ដែលមានការចូលរួមពីសហគមន៍ ជីអោក និងស្ករក្រូច ស្ថិតនៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ។

លោក កែវ វិបុល ប្រធានសហគមន៍ព្រៃឈើជាំធ្លក បានអានរបាយការណ៍អំពីស្ថានភាពសហគមន៍ជាំធ្លក មានផ្ទៃដី សរុបប្រមាណ ៥.២០៤ហិចតា ហើយនៅក្នុងឆ្នាំ២០១៧ យើងបានធ្វើការដាំកូនឈើព្រៃ និងឈើហូបផ្លែបានចំនួន ២ដង ក្នុងមួយឆ្នាំ លើកទី១ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ និងលើកទី២នេះ ដែលមានបីសហគមន៍ព្រៃឈើចូលរួមដំាផងដែរ ក្នុងមាននោះមាន សហគមន៍ព្រៃឈើ ជាំធ្លក ស្ករក្រូច និងជីអោក ដែលមានកូនឈើព្រៃ ចំនួន ៧០.០០០ដើម និងឈើហូបផ្លែចំនួន ៥០.០០០ដើម ។

បន្ទាប់មកឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា ព្រៃឈើជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសយើង ដូច្នេះសូមបងប្អូនប្រជាសហគមន៍ព្រៃឈើ ត្រូវនាំគ្នាបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូប ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជម្រុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង ។

ឯកឧត្តមបន្ថែមទៀតថា «ការប្រារព្ធពិធីរុក្ខទិវានេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញ នូវការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស» ។

ទន្ទឹមនោះដែរ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ពលរដ្ឋទាំងអស់ ត្រូវចាប់ផ្ដើមដោយមិនបង្អែរបង្អង់ នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឲ្យកាន់តែមានសម្រស់ស្រស់បំព្រង សម្រាប់សង្គមជាតិទាំងមូល ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសំណូមពរដល់អ្នកការពារព្រៃសហគមន៍ មិនត្រូវកាប់ឈើខ្លួនឯង ហើយយកដីទៅលក់ នេះជាបញ្ហាគ្រោះថ្នាក់បំផុត ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានសំណូមពរដល់ មន្ទីរអង្គភាពទាំងអស់ចូលរួម ដាំដើមឈើតាមអង្គភាព ទីសាធារណៈ តាមដងផ្លូវ ហើយធ្វើជាគំរូដល់ប្រជាពលរដ្ឋ ។

ឯកឧត្តម យិន គឹមសៀន រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍លើកឡើងថា សូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ក្នុងការពារបរិស្ថាន មិនត្រូវបណ្តែតបណ្តោយឲ្យឈ្មួយរកស៊ីកាប់ឈើ ខុសច្បាប់បែបអនាធិបតេយ្យនោះទេ ត្រូវរកឲ្យឃើញនូវមុខឈ្មួញធំៗ ចាប់យកទៅផ្តន្ទាទោសតាមច្បាប់ ហើយធ្វើដោយយកចិត្តទុកដាក់ ធ្វើឲ្យស្មើភាពគ្នា កុំចាប់តែប្រជាពលរដ្ឋតូចតាច តែបើជាអ្នកដឹកឈើធំៗខុសច្បាប់ ធ្វើមិនដឹងមិនលឺនោះទេ ត្រូវសហការចូលរួមជាមួយប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ៕