អភិបាលខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំអនុម័តថ្នាក់ខេត្តលើការសរសេរពង្រាងបញ្ចប់របាយការណ៍ផែនការប្រើប្រាស់​ដីរបស់​កម្មវិធី (Rice-SDP) តាមប្រព័ន្ធ Online

29

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំ អនុម័តថ្នាក់ខេត្ត លើការ​សរសេរ​ពង្រាង​បញ្ចប់របាយការណ៍ផែនការ​​ប្រើប្រាស់ដីរបស់​​កម្មវិធីជំរុញផលិត​កម្មស្រូវនិងការនាំចេញអង្ករ (Rice-SDP) Rice Commercialization Sector Development Program – Rice-SDP តាមប្រព័ន្ធOnline ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។ កម្មវិធីនេះអនុវត្តនៅថ្នាក់ក្រុង ស្រុក ក្នុងឃុំ សង្កាត់ ចំនួន៣០ឃុំសង្កាត់ គោលដៅ នៃក្រុង ស្រុកទាំងប្រាំមួយ រួមមាន: ក្រុងស្ទឹងសែនចំនួន ០២សង្កាត់ ស្រុកស្ទោងចំនួន ០៧ឃុំ ស្រុកកំពង់ស្វាយចំនួន ០៦ឃុំ ស្រុកសន្ទុកចំនួន ០៧ឃុំ ស្រុកបារាយណ៍ចំនួន ០៥ឃុំ និង ស្រុកតាំងគោកចំនួន ០៣ឃុំ ដែលបានអនុវត្តន៍ក្រោមកិច្ចគាំទ្រថវិការបស់​រាជរដ្ធាភិបាល​កម្ពុជា ដែលបានទទួលប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជំនួយឥតសំណងពីកម្មវិធីកសិកម្ម និងស្បៀងអាហារ​សកល (GAFSP) ព្រមទាំងមូលនិធិយុទ្ធសាស្រ្តអាកាសធាតុ (SCF) ក្រោមការសម្របសម្រួល​របស់ក្រុមហ៊ុន​ផ្តល់សេវាកម្ម​អេស ប៊ី ខេ រីស៊ើច អេនឌីវីឡុបមែន ។

តំណាងក្រុមហ៊ុនសេវាកម្មអេស ប៊ី ខេ រីស៊ើច អេនឌីវីឡុបមែន បានលើកឡើងថាការអនុវត្តគម្រោងនេះ​មានគោល​បំណង​ចងក្រងរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ក្នុងគោលបំណងជារួម៖
១.រៀបចំផែនការប្រើប្រាស់ដី ការគ្រប់គ្រងធនធានដី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាព ជាពិសេសកាត់​បន្ថយ​ទំនាស់​នានា ដែលកើតពីការប្រើប្រាស់ដីនៅមូលដ្ឋាន ។
២.គាំទ្រកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយនិរន្តភាព និងសមធម៌ រួមចំណែកកាត់​បន្ថយភាព​​ក្រីក្ររបស់​ប្រជាពល​រដ្ឋ​តាម​រយ:បង្កើនផលិតផលស្រូវ និងនាំការនាំអង្ករចេញ។
៣.សម្រេចឲ្យបាននូវផែនការប្រើប្រាស់​ដីនៅក្នុងឃុំស្របតាមស្ថានភាព និងសក្តានុពលដីជាក់ស្តែង​ឆ្លើយ​តប​ចំពោះសេចក្តីត្រូវ​ការរ​បស់អាជ្ញាធរនានា និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការប្រើប្រាស់ដី និងធនធាន​ធម្មជាតិ​ឲ្យចំទិសដៅ។
៤.រួមចំណែកគ្រប់គ្រងដីរដ្ឋ ដែលមាននៅក្នុងឃុំ សង្កាត់ ឲ្យបានល្អប្រសើរតាមតួនាទី (មុខងារជាតំណាងរដ្ឋ និងកិច្ច​អភិវឌ្ឍន៍​មូលដ្ឋាន)
៥.ស្វែងរកការគាំទ្របច្ចេកទេសពីស្ថាប័ន អង្គភាពនានា និងពីផ្នែកឯកជនក្នុងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី​វិនិយោគឃុំ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានលើកឡើងថាគោល​បំណងចម្បងរបស់ Rice-SDP គឺបង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំស្រូវ និងប្រាក់ចំណូលសុទ្ធរបស់​អ្នកពាក់ព័ន្ធទាំងអស់ក្នុងខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ​ដែលត្រូវបានសម្រប​សម្រួល​តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស​ផ្នែកច្បាប់ និងការវិនិយោគដែលធន់នឹងអាកាសធាតុ។

លើសពីនេះទៀត ឯកឧត្តម សុខ លូ ស្នើលោកអភិបាលក្រុងស្រុក​ និងមន្ទីរអង្គភាពពាក់ព័ន្ធខិតខំដើម្បីធានា​ឱ្យបាននូវ​សន្តិសុខ​ស្បៀងក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ក្នុង​ស្មារតី​ទទួលខុសត្រូវខ្ពស់ដើម្បី​បង្កើនសមត្ថភាពផលិតធានាឲ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្រប​តាមស្តង់​ដារ​តម្រូវ​របស់ទីផ្សារអន្តរជាតិដែលបានកំណត់។ ការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ ការធ្វើឱ្យប្រសើរ​ឡើង​នូវហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រសំខាន់ៗសម្រាប់ការកែច្នៃ ការបង្កើនសេវាគាំទ្រការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់​ផលិតកម្ម​គ្រាប់ពូជ ការពង្រឹងសមត្ថភាពកសិករ សមាជិកសហគមន៍ ។