អភិបាលខេត្តកំពង់ធំផ្ដល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាង ៨០០ប័ណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកសណ្តាន់

12

(រដ្ឋបាលខេត្តកំពង់ធំ): ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ ចំនួន ៨៤១ប័ណ្ណ ផ្ដល់ជូនដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២០ នៅ ទីទួលសុវត្ថិភាពឈើទាល ក្នុងបរិវេណវត្តឈើទាល ឃុំឈើទាល ស្រុក សណ្ដាន់ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា វវិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុនេះ ជាប្រភេទប័ណ្ណថ្មីដែលមាន QRCode សម្រាប់ស្កេនស្វែង​រកទិន្នន័យវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ នៅលើប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង។

ឯកឧត្តមបន្ថែមទៀត វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជាអាយុជីវិតរបស់យើង ពិតជាមានតម្លៃណាស់ ដែលវាជាអ្នកទ្រព្យសម្បត្តិកម្មសិទ្ធិរបស់យើង សូមរក្សាទុកដាក់ឱ្យបានល្អ សូមកុំលក់ដូរ ត្រូវចេះប្រមូល​ផល​ពី​ដីធ្លីរបស់យើង ទៅតាមរដូវកាលនៃការបង្កបង្កើនផល ពីព្រោះដីមិនអាចកើតឡើងទេ ប៉ុន្តែមនុស្សអាច​កើត​បាន​ជា​រៀងរាល់ថ្ងៃ គឺទុកសំរាប់ចែកជូនកូនចៅយើងជំនាន់ក្រោយ។

ឯកឧត្តមបន្ថែមទៀតថា មកដល់ពេលនេះ ស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មិនទាន់​ដល់កម្រឹត​កំពស់ប្រកាសប្រុងប្រយ័ត្ននោះទេ ។ ហើយនៅបណ្តាថ្ងៃខាងមុខនេះ សូមប្រុងប្រយ័ត្នខ្ពស់​ព្រោះនៅមាន​ឥទ្ធិពល​​នៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជាយើង អាចនឹងមានទឹកជន់កើតឡើង។ ទន្ទឹមនឹងនោះអាជ្ញាធរ​ខេត្តក៏ដូចជាអាជ្ញាធរស្រុក ក៏បានត្រៀមរៀបចំទីទួលសុវត្ថិភាពចំនួន ៣ ទីតាំងសម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកសណ្ដាន់នេះរួចជាស្រេច សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជា​សុខទុក្ខ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ បន្តចុះមូលដ្ឋានដើម្បីពិនិត្យ​មើលស្ថានភាព​ទឹកនៅគ្រប់​ក្រុងស្រុក​ទាំងអស់ និងពិនិត្យមើលផលប៉ះពាល់ស្រូវដំណាំរបស់បងប្អូនប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋបាន​ទាន់ពេលវេលា ។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមសូមរក្សាអនាម័យ ផឹកស្អាតហូបស្អាត ជាពិសេស ត្រូវមើលថែក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិចជាដើម។ ម្យ៉ាងវិញទៀតសូមពុកម៉ែបងប្អូនដែលឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោតសូមទៅពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ឲ្យបានត្រឹមត្រូវនូវការិយាល័យចុះឈ្មោះបោះឆ្នោត ហើយអ្នក​ដែលគ្រប់អាយុមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នានិងទៅ​បោះឆ្នោតឲ្យបានគ្រប់ៗគ្នាជូនគណបក្សមួយណាដែលយើងពេញ​ចិត្តនឹងអាចរក្សាបាននូវកត្តា​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ ជាពិសេសមិនត្រូវជឿលើពាក្យញុះញង់របស់ជនអគតិមួយចំនួនតូចដែលមានបំណង​ចង់បំផ្លាញ​សុខសន្តិភាពនោះទេ។

ចុងក្រោយឯឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូប្រជាពលរដ្ឋ ចូលរួម ការពារ ទប់ស្កាត់ ការ ឆ្លង រីករាលដល់ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយ​គ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។