អភិបាលខេត្តកំពង់ធំ! ក្រើនរម្លឹកដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែសពីជំងឺ កូវីដ-១៩ និងបន្តអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល

7

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងក្រើនរម្លឹក ដល់ប្រជាពលរដ្ឋក្នុង ខេត្តកំពង់ធំទាំងអស់ កុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩នេះឱ្យសោះ បើទោះបីជាកម្ពុជាមិនទាន់រកឃើញ ករណីឆ្លងថ្មីទៀតរយៈពេលកន្លងមកនេះក្តី ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋទាំអស់ត្រូវរក្សាអនាម័យ លាង​ដៃ​នឹងសាប៊ូ ជេល ទឹកអាល់កុល ឬទឹកសម្លាប់មេរោគ ត្រូវរក្សាគម្លាតគ្នា និងមិនត្រូវបង្កើត មានកម្មវិធី ជួបជុំ​នោះទេ ដើម្បីរួមគ្នាបន្តបង្ការទប់ស្កាត់ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន ការរីករាលដាលនៃជំងឺ កូវីដ-១៩ តាមការ​ណែនាំរបស់ក្រសួងសុខាភិបាល ។

ការថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចូលរួមប្រគល់អណ្តូងស្នប់ នៅសាលាឃុំក្លែង ស្រុកសណ្តាន់ ដែលជាអំណោយរបស់ ឯកឧត្តម ខាន់ ខុន ប្រធានសហគមន៍​បេសកកម្ម​ដំណឹងល្អ និងលោកជំទាវ និងបន្ដជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងនាំយកអំណោយ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំ បាក ៧៥គ្រួសារ ស្ថិតនៅស្រុកសណ្ដាន់ នឹងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែឧសភា​ឆ្នាំ២០២០។

ឯកឧត្តមបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១២១ករណី នៅសល់តែ ១នាក់ប៉ុណ្ណោះ កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្តីកម្ពុជា មិនបានបន្ធូរបន្ថយវិធានការក្នុងការបង្ការ ការពារចំពោះការរីករាលដាល នៃជំងឺកូវីដ-១៩នេះ នៅឡើយទេ ដោយសារតែប្រទេសផ្សេងៗនៅលើពិភពលោក ក៏ដូចជាប្រទេសជិត​ខាង​របស់ខ្លួនកំពុងមានការឆ្លងរីករាលដាលជាបន្តបន្ទាប់នៅឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បន្តទៀតថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតនាពេលនេះ គឺមានការចូលរួមចំណែកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ក្នុងការជួយ​ដោះស្រាយ​​នូវការខ្វះខាតជូនពុកម៉ែបងប្អូនបានមួយរយៈពេលខ្លីតែប៉ុណ្ណោះ ដូច្នេះសូមពុកម៉ែ​បងប្អូនត្រូវខិតខំ​ដំាដំណាំ​រួមផ្សំបន្ថែមទៀត។ លើសពីនេះទៀត ឯកឧត្តម សុខ លូ ក៏បានពាំនាំនូវកាផ្តាំផ្ញើរសាកសួរ​សុខទុកពីសម្តេចទាំងទ្វេរ ជូនចំពោះពុកម៉ែបង្អូនទាំងអស់ ព្រមទាំងផ្តល់នូវអំណោយសប្បុរសធម៌ តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមន្ទីរសង្គមកិច្ច ជាសេនាធិការស្រាប់។

បន្ទាប់ពីសំណេះសំណាលចប់ ឯកឧត្តមបានប្រគល់អំណោយសប្បុរសជន ជូនដល់ ៧៥គ្រួសារ ដោយមួយគ្រួសារ ទទួលបាន កន្ទេល ១ , ភួយ ១ , អង្ករ ២៥គីឡូក្រាម , ទឹកត្រី ១យួរ , ត្រីខ ១យួរ និងបន្តដំណើរចុះសួរសុខទុក្ខមន្រ្តីចត្តាឡឺស័ក និងចែកសម្ភារៈប្រឆាំងជំងឺ កូវីដ-១៩ ដែលប្រចាំការនៅ​ស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ។