អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់អាជ្ញាធរក្រុងស្រុក បន្តតាមដានបងប្អូន​ពលករដែល​ធ្វើចត្តាឡីស័ក​នៅតាមផ្ទះ និងផ្សព្វផ្សាយ​ពីវិធានការ បីការពារ បីកុំ និងពីរចូលរួម

184

(រដ្ឋបាលខេត្តកំពង់ធំ): បន្ទាប់ពីបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ នៅយប់ថ្ងៃទី ១៧ ខែមីនា ត្រូវមកសម្រាកនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញជួបសំណេះសំណាល និងនាំយក​អំណោយរបស់​សម្ដេច​តេជោ ជូនដល់បងប្អូនពលករ មុននឹងអាជ្ញាធរស្រុកបញ្ជូនបន្តទៅមណ្ឌលចត្តាឡីស័កតាមស្រុកនីមួយៗ និង​នៅ​តាមផ្ទះរៀងៗខ្លួន។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានពន្យល់ណែនាំអំពីវិធាន​ការការពារ​នៃការ​ឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងផ្សព្វផ្សាយច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវបានប្រកាសអោយប្រើប្រាស់ហើយ សម្រាប់ធ្វើការដាក់ពិន័យទោសទណ្ឌចំពោះអ្នកដែលគេចវេះពីការធ្វើ​ចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បន្ថែមទៀតថា បន្ទាប់ពីបញ្ជូនបងប្អូនពលករទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ សូមអាជ្ញាធរក្រុងស្រុកត្រូវចាត់ចែងក្រុមការងារតាមភូមិ ឃុំ និងប្រជាការពារភូមិ បន្តតាមដាន​បងប្អូនពីការ​ធ្វើចត្តា​ឡីស័ក រយៈពេល ១៤ ថ្ងៃ ត្រូវគោរពតាមវិធានការនៃការធ្វើចត្តាឡីស័កនេះ ប្រសិនបើមានបញ្ហាក្តៅខ្លួន បញ្ហាក្អក បញ្ហារោគសញ្ញាផ្សេងៗចេញពីខ្លួន សូមទាក់ទងទៅលេខទូរសព្ទក្រុមគ្រូពេទ្យ ឬក៏អាជ្ញាធរ​ដែលមាន​បិទ​លេខទូរសព្ទនៅតាមផ្ទះបងប្អូន ដើម្បីក្រុមការងារ​យកបងប្អូនមកព្យាបាលនៅ​មន្ទីរពេទ្យបង្អែកដោយ​ឥតគិត​ថ្លៃ។ ហើយការធ្វើចត្តាឡីស័កនេះ គឺធ្វើដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិទាំងមូល ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនពលករដែលបានធ្វើចត្តាឡីស័កនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងខេត្តកំពង់ធំ និងបានផ្ដាំផ្ញើ ឲ្យ​អាជ្ញាធរខេត្ត អាជ្ញាធរស្រុក សូមយកចិត្តទុកដាក់ចំពោះពុកម៉ែបងប្អូន ទោះបីជាមានការលំបាកយ៉ាងណា​ក៏ដោយ ត្រូវខិតខំជួយបងប្អូនឱ្យអស់ពីលទ្ធភាព។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនពលករទាំងអស់ សូមចូលរួមគោរព​តាម​វិធានការ​​ថ្មីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បីការពារ បីកុំ និង​ពីរចូលរួម៖
៣ ការពារ៖
១- ពាក់ម៉ាស់
២- លាងដៃ
៣- រក្សាគម្លាសុវត្ថិភាពតសង្គម និងបុគ្គល (ចាប់ពី 1,5ម៉ែត្រ ឡើងទៅ)
៣ កុំ៖
១- កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាសុីនត្រជាក់ច្រើនពេក
២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ
៣- កុំប៉ះពាល់គ្នា កុំកៀកស្មា កុំចាប់ដៃគ្នា (ត្រូវប្រើវប្បធម៌ខ្មែរ សំពះគ្នា ជំនួសវប្បធម៌ចាប់ដៃគ្នា)
និង ២ចូលរួម៖
១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (ការចាក់វ៉ាក់សាំងនេះ ដោយការស្ម័គ្រចិត្ត និងមិនមាន​ការបង់លុយនោះទេ)
២. ប្រើ QR Code Stop Covid